ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់សភាតំណាងប្រជាជនចិនថា មិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាស សម្ដេចតេជោ កំពុងទស្សនកិច្ច នៅប្រទេសចិន។
ក្នុងជំនួបនោះ លោក លី ជានស៊ូ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។
ជាការឆ្លេីយតប សម្តេចតេជោ មានប្រសាសន៍ថា កាលពី៣ឆ្នាំមុន គឺនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។
សម្តេចតេជោ អញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន។ សម្ដេច ថា “ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀតគឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា”។
ក្នុងជំនួបសម្ដែងការគួរសមនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងលោកប្រធានសភាតំណាងប្រជាជនចិន បានឯកភាពគ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕