ព័ត៌មានជាតិ

កម្ពុជា-ចិន ប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ យកបញ្ហាសិទ្ធិមនុស្ស ជាឧបករណ៍ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអធិបតេយ្យ

ភ្នំពេញ​៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និង រដ្ឋាភិបាលចិន ដឹកនាំដោយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាស ប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្ស ជាឧបករណ៍ ការអនុវត្តស្តង់ដារពីរ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអធិបតេយ្យ។

យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រង់ចំណុចទី៣ បានបញ្ជាក់ថា ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ដែលជាផលប្រយោជន៍ ស្នូលរវាងគ្នានិងគ្នា ពិតជាមានសារសំខាន់ណាស់ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។
ភាគីចិន បានអះអាងសាជាថ្មីអំពីការ គាំទ្រឥតងាករេចំពោះជម្រើស នៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាឯករាជ្យភាព អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និងលើកកម្ពស់ជាបន្តបន្ទាប់ នៃរបៀបវារៈ នយោបាយជាតិសំខាន់ៗរបស់កម្ពុជា ហើយប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីបរទេសចូល កិច្ចការផ្ទៃក្នុងកម្ពុជា។

ភាគីកម្ពុជាបានអះអាងសាជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិន មួយ”។ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាង ឱ្យប្រទេសចិនទាំងមូល។ តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន ហើយ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអាចត្រូវបានជ្រៀតជ្រែក ពីកម្លាំងខាងក្រៅបានឡើយ។

កម្ពុជាប្រឆាំងការប៉ុនប៉ងនានា ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កាត់ ប្រទេសចិន ក្រោមហេតុផលតៃវ៉ាន់ ឬសកម្មភាពបំបែកខ្លួនគ្រប់ទម្រង់ដើម្បីទាមទារ “ឯករាជ្យភាព តៃវ៉ាន់និងសូមគាំទ្រយ៉ាងម៉ឹងម៉ាត់ នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ។ កម្ពុជានឹងមិនបង្កើតទំនាក់ទំនង ផ្លូវការក្នុងទម្រង់ណាក៏ដោយ ជាមួយតៃវ៉ាន់ឡើយ។

ភាគីទាំងពីរបានឯកភាពថា បញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង មិនមែនជាបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ ជាការបង្ក្រាបអំពើភេរវកម្ម ភាពជ្រុលនិយម និងការផ្តាច់ខ្លួននិយម។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីអំពី ការប្រឆាំងជាដាច់ខាត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយប្រើប្រាស់បញ្ហា ពាក់ព័ន្ធនឹងស៊ីនជាំង។

ភាគីទាំងពីរបានឯកភាពថា ការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្ស ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលក្ខខណ្ឌជាតិជាក់ស្តែង។

ភាគីទាំងពីរបានប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍ ការអនុវត្តស្តង់ដារពីរ ការបំពានតម្លៃ ប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអធិបតេយ្យ ឬធ្វើឱ្យមានការបែកបាក់ និងប្រឈមមុខដាក់គ្នា ក្រោមហេតុផលគាំពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឬការដាក់កំហិត អំពីឆន្ទៈរបស់ប្រទេសមួយ ទៅលើប្រទេសដទៃទៀត ៕

To Top