ព័ត៌មានជាតិ

មេដឹកនាំកំពូលកម្ពុជា-ចិន ទន្ទឹងរង់ចាំការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែក ចិន-ឡាវ-ថៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញនូវក្ដី ទន្ទឹងរង់ចាំ ការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែក ចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ។

ការទន្ទឹងរង់ចាំនេះ ស្របពេលដែលកម្ពុជា បាននិងកំពុងកែលម្អផ្លូវដែក របស់ខ្លួន ឱ្យកាន់តែល្អប្រសើរ និងទទួលបានការជួយឧបត្ថមពីមិត្តចិន ផងដែរ។

យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរ (កម្ពុជា-ចិន) បានឯកភាព ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគា្នជាយុទ្ធសាស្ត្រ រវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ ដើម្បីធានាសុវត្ថិភាព នៃគម្រោង និងបុគ្គលិក ព្រមទាំងផ្តល់តួនាទីឱ្យកាន់តែសំខាន់ដល់យន្តការការងា រកម្ពុជា-ចិន សម្រាប់កិច្ចសហ ប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្ម។

ភាគីទាំងពីរ​ពិនិត្យលទ្ធភាពអភិវឌ្ឍន៍ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា“ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់ សេដ្ឋកិច្ចពិសេសពហុបំណងគំរូមួយ។

កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោង លេចធ្លោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញសហគ្រាសចិន ដែលមានសមត្ថភាព បន្ថែមទៀត ក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ពិនិត្យលទ្ធភាពលើសហប្រតិបត្តិការក្នុងវិស័យហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអគ្គិសនី បណ្តាញខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសមាហរណកម្ម នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មកម្ពុជា-ចិន ដែល មានលក្ខណៈចម្រុះ។

ចិនគាំទ្រកម្ពុជាលើការងារដំបូង នៃការធ្វើផែនការរៀបចំផ្លូវដែក ការរចនា និងការសិក្សា សមិទ្ធិលទ្ធភាព សំដៅលើកកម្ពស់តម្រោង និងការសាងសង់ផ្លូវដែក ដើម្បីផលប្រយោជន៍ជីវភាព ប្រជាជន ដែលរស់នៅតាមបណ្ដាយផ្លូវដែកនេះ។

ប្រភពដដែលគូសបញ្ជាក់ថា «ភាគីទាំងពីរទន្ទឹងរង់ចាំ ការតភ្ជាប់ផ្លូវដែកកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ ក្នុងពេលឆាប់ៗនេះ»៕

To Top