ព័ត៌មានជាតិ

កម្ពុជា-ចិន អំពាវនាវឱ្យចៀសវាង ការប្រើប្រាស់ បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាពក្នុងតំបន់

ភ្នំពេញ​៖ មេដឹកនាំកំពូល កម្ពុជា-ចិន បានធ្វើការអំពាវនាវ ដល់ភាគីពាក់ព័ន្ធ ទាំងអស់ ឱ្យជៀសវាង ការប្រើប្រាស់បញ្ហា សមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់។

យោងតាម សេចក្ដីថ្លែងការណ៍រួម ភាគីទាំងពីរជឿជាក់ថា ក្រោមកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសសមាជិកអាស៊ាននិងចិន ស្ថានភាពនៅសមុទ្រចិនខាងត្បូង ត្រូវបានរក្សាស្ថិរភាពជារួម។

ជាមួយគ្នានេះ ប្រទេសទាំងពីរ (កម្ពុជា-ចិន) បានអំពាវនាវដល់ ភាគីពាក់ព័ន្ធអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ និង សម្រេចឱ្យបានឆាប់នូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រកបដោយសារសំខាន់ និងប្រសិទ្ធភាពឈរលើមូលដ្ឋានការឯកភាព ជាឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ភាគីទាំងពីរ សង្កត់ធ្ងន់ថា «រាល់ការប៉ុនប៉ងណាមួយ ក្នុងការប្រើប្រាស់បញ្ហា សមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព និងការជឿជាក់ក្នុងតំបន់ពុំមាន លទ្ធផលល្អឡើយ ហើយគួរតែត្រូវជៀសវាង»៕

To Top