កំពង់ចាម ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា បានផ្តួចផ្តើម ឧបត្ថម្ភរៀបចំឲ្យមានការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរ ការប្រកាសអស់គ្រាប់មីន ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែគុម្ភ: ឆ្នាំ ២០២៣ ខាងមុខនេះ ។
ការប្រកួតកីឡាបាល់ទាត់នេះ បានប្រព្រឹត្តទៅ នាងរសៀលថ្ងៃទី ១១ ខែគម្ភ: ឆ្នាំ ២០២៣ នៅវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ។
លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន និង ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) បានមានប្រសាសន៍ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរ ការប្រកាសអស់គ្រាប់មីន ក្នុងខេត្តកំពង់ចាម នេះ គឺរៀបចំធ្វើឡើង ក្រោយពីទទួលបានការឧបត្ថម្ភគាំទ្រ ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា ដែលអនុញ្ញាតិ ឲ្យសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សហការជាមួយ និង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង នឹងបន្តសហការរៀបចំការប្រកួតបាល់ទាត់ជាមួយខេត្ត ផ្សេងៗទៀត ទៅតាមកាលវិភាគប្រកាសខេត្តគ្មានគ្រាប់មីន ដោយការរៀបចំចូលរួមមានក្រុមកីឡាបាល់ទាត់បុគ្គលិក CMAC នៅតាមបណ្តាខេត្ត , ក្រុមបាល់ទាត់ ស ស យ ក តំណាងតាមខេត្ត , ក្រុមបរទេសចំរុះជាតិសាសន៍ មកពីបណ្តាស្ថានទូត នានា , ក្រុមបាល់ទាត់វិទ្យាល័យតំណាងតាមខេត្ត និង ក្រុមបាល់ទាត់សាកលវិទ្យាតំណាងតាមខេត្តផងដែរ ។
លោក មួន វាសនា ឲ្យដឹងផងដែរថា ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានខិតខំរិះរកគ្រប់មធ្យោបាយ ម្រាប់អង្គភាពរបស់ខ្លួនក្នុងការពន្លឿនល្បឿន បោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល សម្រាប់កម្ពុជាគ្មានមីនឆ្នាំ ២០២៥ ដ៏ខ្លីខាងមុខនេះ។ ផែនការឆ្នាំ ២០២៣ ដែលជាផែនទីបង្ហាញផ្លូវរបស់អង្គភាព CMAC ត្រូវបានរៀបចំឡើងដោយមានការគិតគូរម៉ត់ចត់ អំពីសមត្ថភាព និងលទ្ធភាពប្រតិបត្តិការរបស់ខ្លួនស្របតាមសភាពការណ៍សកម្មភាពមីន ជាតោ អន្តរជាតិ និងឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ឯកសារផែនការឆ្នាំ២០២៣ នេះ នឹងរំលេចអំពី ផែនការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឆ្នាំ២០២៣ ស្របជាមួយ ផែនការគ្រប់គ្រងប្រតិបត្តិការ ផែនការអប់រំយល់ដឹងពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ផែនការគម្រោង ថវិកា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយកំណត់ច្បាស់អំពីផែនការសកម្មភាពគន្លឹះ ឆ្នាំ២០២៣ និង ទិសដៅខាងមុខ និងការគ្រប់គ្រងហានិភ័យរបស់អង្គភាព ។
លោក មួន វាសនា បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម និងត្រូវប្រកាសជាខេត្ត អស់មីន នៅថ្ងៃទី១៦ ខែគុម្ភ: ឆ្នាំ២០២៣ ខាងមុខនេះ ៕