ព័ត៌មានជាតិ

ប្រកាសសមាសភាពក្រុមការងារ ចុះជួយឃុំពងទឹក  ស្រុករំដួល ចំនួន១៩រូប 

ស្វាយរៀង ៖ លោកចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលនិង ប្រគល់សេចក្តីសម្រេចជូន លោក លោកស្រី ជា អនុប្រធាន និង សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ចំនួន១៩រូបបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខនេះ។

លោកចាន់ កុលបុត្របាន ថ្លែងផ្តាំផ្ញើរនូវការសាកសួរសុខទុកពីសំណាក់លោកស្រីកិត្តិសង្ហបណ្ឌិតម៉ែន  សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងក៏ដូចជានៅឃុំពងទឹក។ហើយទីណាមានទុក្ខលំបាក ទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយបានទាន់ពេលវេលាផងដែរ។

លោកចាន់ កុលបុត្រ ក៏បានណែនាំដល់ក្រុមការងារនិងសមាជិកបក្សទាំងអស់ ត្រូវរួមគ្នាសម្រួចឆន្ទះ ប្ដេជ្ញាបម្រើបក្ស បម្រើផលប្រយោជន៍ប្រជាជន ដោយភាពស្មោះត្រង់បំផុត។ព្រមទាំងមានឧត្តមគតិស្មោះត្រង់អស់ពីចិត្តពីថ្លើមចំពោះគណបក្ស បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងកម្មវិធីគោលនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតីសតិអារម្មណ៍ ស្នេហាជាតិ មាតុភូមិនិងប្រជាជន។

លោកបានបន្តថា សមាជិកបក្សត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។បន្ថែមលើសពីនេះសមាជិកបក្សទាំងអស់ត្រូវបបន្តធ្វើអំពើល្អ ពង្រឹងចាស់ ពង្រីកថ្មី រួមគ្នាឱ្យបានសកម្មថែមទៀត ក្នុងស្មារតីការពារទប់ស្កាត់ចលនាបំផុសបំផុល ការធ្វើបដិវត្តន៍ពណ៌ សំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវធ្វើសកម្មភាព ឱ្យបានគ្រប់បែបយ៉ាង ដើម្បីបម្រើគណបក្ស និងផលប្រយោជន៍ប្រជាជនប្រកបដោយនិរន្តរភាព នៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាល់ការបោះឆ្នោតទាំងអស់។

ព្រមជាមួយគ្នានេះ លោកក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យបន្ថែមទៀត ជាពិសេសត្រូវពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនីយភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាផងដែរ៕

To Top