ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឱ្យលុបអាជ្ញាបណ្ណ VOD និងបញ្ចាប់ ការផ្សាយចាប់ពីថ្ងៃស្អែកតទៅ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ ជាកំហិត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា «តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំ មិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូន ឯកឧត្តមផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ»។

សម្ដេចតេជោ បន្ដថា សម្ដេច បានកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ឆ្នាំហើយ ក្នុងនោះតំណែង នាយករដ្ឋមន្ត្រីរយៈពេលជាង ៤៤ឆ្នាំ សម្ដេច ពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួន ដែលចូលមកសម្ភាសន៍ក្នុងរឿងផ្លូវច្បាប់ ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះព្យាយាមវាយទាំងឪពុក វាយទាំងកូន ដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះ ឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសម្ដែង ការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួស ឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាល ដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង ១០នាទី ថ្ងៃ១៣ កុម្ភៈ ២០២៣ ជាកំហិត»។

សម្ដេចតេជោ ក៏បានណែនាំសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ សម្ដេច ថា «យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេសដែលផ្តល់លុយឲ្យវិទ្យុនេះ បង្វឹលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិកដែលធ្វើការនៅវិទ្យុនេះស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕

To Top