ព័ត៌មានជាតិ

សមត្ថកិច្ច យកសេចក្តីសម្រេចរបស់ក្រសួងបិទវិទ្យុ VOD ទៅដល់ស្នាក់ការ

ភ្នំពេញ ៖ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានយកសេចក្តីសម្រេចរបស់ ក្រសួងព័ត៌មាន ស្តីពីការលុបអាជ្ញាបណ្ណរបស់សារព័ត៌មាន VOD ដែលជ្រកក្រោមមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) ប្រគល់ទៅថ្នាក់ដឹកនាំរបស់ស្ថាប័នមួយនេះ នៅទីស្នាក់ការ ស្ថិតនៅជិតផ្សារបឹងកេងកង ។

សម្រាប់ការចុះទៅដល់ទីស្នាក់ការ VOD ផ្ទាល់របស់សមត្ថកិច្ចនេះ ក៏មានមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល ជាច្រើននាក់ផងដែរទៅដល់ទីស្នាក់ការផងដែរ ។

ឈានចូលមកដល់ដំណាក់កាលបិទផ្សាយរបស់វិទ្យុ VOD ដែលបានទទួលជំនួយឧបត្ថម្ភពីអង្គការបរទេស ដោយសារវិទ្យុនេះ បានផ្សាយចេញនូវអត្ថមួយដែលមានចំណងជើងថា “លោក ហ៊ុន ម៉ាណែតបានចុះហត្ថលេខា លើលិខិតផ្តល់ជំនួយមនុស្សធម៌១០ម៉ឺនដុល្លារទៅឲ្យតួកគីជំនួសសម្តេចតេជោ” ។

ក្រោយការចេញផ្សាយភ្លាមៗលោក ហ៊ុន ម៉ាណែតក៏បានបដិសេធ និងស្នើឲ្យស្ថាប័នព័ត៌មាននេះ សុំទោសលោកផងដែរ ប៉ុន្តែស្ថាប័ននេះក៏មិនព្រម ។ បន្ទាប់មកទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានចេញមក ប្រតិកម្មផងដែរដោយទុកពេលឲ្យVODត្រឹម៧២ម៉ោងធ្វើការសុំទោស ។

បន្តមកសម្តេចបានបន្ថយត្រឹម២៤ម៉ោងវិញ ក៏វិទ្យុនេះ មិនព្រមទៀត ដោយគ្រាន់តែសរសេរលិខិតសូមអភ័យទោស និងអព្យាស្រ័យ ។ ទើបនាយប់ថ្ងៃ១២ កុម្ភៈ សម្តេចបានបញ្ជាឲ្យក្រសួងលុបអាជ្ញា បណ្ណមិនឲ្យវិទ្យុនេះ ចេញផ្សាយបន្តទៀតទេ ។

ដោយសារចំណុចនេះ ក៏ថ្នាក់ដឹកនាំវិទ្យុ VODក៏ចេញលិខិតមួយច្បាប់សរសេរពាក្យសុំទោសតែម្តង តែក៏បានហួសពេលហើយ ដោយសារសម្តេចមិនព្រមទទួលយកការសុំទោសនោះទេ គឺមានតែការបិទការផ្សាយ។

ដោយសម្តេចតេជោបញ្ចេញសំណេរលើហ្វេសប៊ុកនាព្រឹកថ្ងៃ១៣ កុម្ភៈថា «យើងពិតជាមិនមែនកូនក្មេងបៀម ដៃនោះឡើយ។ ហេតុអ្វីមិនសុំទោសពីល្ងាច និងមកសុំទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?

មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសុំទោសមួយម៉ាត់មិនហ៊ាននិយាយផង តែក្រោយត្រូវ មួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសុំទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។ ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ”៕

To Top