ព័ត៌មានជាតិ

ក្រសួង ឲ្យលើកកម្ពស់ ការសិក្សាភាសាខ្មែរ និងអរិយធម៌ខ្មែរ នៅតាមគ្រឹះស្ថានសិក្សាឯកជន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្ដរជាតិ បើកបង្រៀនភាសាខ្មែរ និងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សានុសិស្សមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣។

លោក ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាដែលបានចុះហត្ថលេខាលើ សេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃទី១៣ កុម្ភៈ នេះបានឲ្យដឹងថា «ដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ ដល់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ចាប់ពីឆ្នាំសិក្សា ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់ គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ តម្រូវឲ្យសិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ ជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ជាមុខវិជ្ជាកាតព្វកិច្ច ហើយគ្រឹះស្ថានសិក្សាត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាចំណេះដឹងទូទៅស្តីពី វប្បធម៌ និងអរិយធម៌ខ្មែរ”។

លើសពីនេះ លោករដ្ឋមន្ដ្រីបន្ថែមថា គ្រឹះស្ថានសិក្សាត្រូវដាក់បញ្ចូលកម្មវិធី សិក្សាមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាវប្បធម៌ និងអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សារបស់គ្រឹះស្ថានសិក្សា តាមការកំណត់ដែលមានចែង ក្នុងលិខិតបទដ្ឋានគតិយុត្ត ដោយឡែករបស់ក្រសួងអប់រំ ៕

To Top