ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានក្រើនរំលឹកឲ្យមានការ ប្រុងប្រយ័ត្នចំពោះហានិភ័យលើកុមា និងយុវវ័យ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ក្នុងយុទ្ធនាការគាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៊ីនធឺណិត «តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិត ប្រកបដោយសុវត្ថិភាពសម្រាប់កុមារ» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា នាពេលបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា បាននិងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការជំរុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប៉ុន្តែទោះជាយ៉ាងនេះក្តី ជនខិលខូច ក៏បានឆ្លៀតឱកាសយកប្រព័ន្ធអ៊ីនធឺណិតនេះ សម្រាប់បោកប្រាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។

លោកស្រីបញ្ជាក់ថា «សូមរំលឹកឲ្យកុមារា កុមារី ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធអ៊ីនធឺណិតនេះ កុំលង់លក់នឹងការឆាតលួងលោមតាមហ្វេសប៊ុក ឬតាមបណ្តាញផ្សេងៗរបស់បុគ្គលមួយចំនួន។ ករណីខ្លះ គឺជាការឆបោក និងបញ្ឆោតឲ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម»។

លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជា ត្រូវបានជនខិលខូចយកធ្វើជាជម្រក សម្រាប់ធ្វើការជួញដូរមនុស្ស និងឆបោកមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតនេះ ប៉ុន្តែជនរងគ្រោះមិនមែនជាខ្មែរនោះទេ គឺសុទ្ធតែជនបរទេសដែលត្រូវ បានជនបរទេសដូចគ្នាធ្វើការបោកបញ្ឆោត។

នាឱកាសនោះ លោក សំលៀង សីលា នាយកប្រតិបត្តិនៃអង្គការសម្មភាពដើម្បីកុមារ (APLE) បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្ន ពិភពលោក មានកុមារជាច្រើន កំពុងត្រូវបានរងគ្រោះ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៩ រូបភាពអាសអាភាសកុមារលើអ៊ីនធឺណិត ត្រូវបានកើនឡើងទ្វេដង ហើយបន្តកើនឡើងយ៉ាងគំហុក នៅពេលពិភពលោក មានការរីករាលដាលជំងឺកូវីដ-១៩។

លោកនាយកប្រតិបត្តិ ក៏បានធ្វើអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើឲ្យអ៊ីនធឺណិតកាន់តែប្រសើរ និងមានសុវត្ថិភាព និងត្រូវធានាឲ្យបានថា កុមារគ្រប់រូប ត្រូវបានផ្តល់សិទ្ធិអំណាច និងគោរពនៅលើប្រព័ន្ធអនឡាញ។ ចូលរួមទាំងអស់គ្នាដើម្បីធានាថា «គ្មានកុមារណាម្នាក់ ត្រូវបានទុកចោលពីក្រោយឱកាស ដែលបច្ចេកវិទ្យាឌីជីថលអាចផ្តល់ឲ្យ» នាពេលបច្ចុប្បន្ន និងទៅអនាគត ៕

