ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺរោគស្ត្រី និងស្ត្រីមានផ្ទៃពោះ ជូនដល់ប្រជាពលរដ្ឋដែលកំពុងបម្រើការងារនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA អាជ្ញាធរ និង ផ្នែកពាក់ព័ន្ធផ្សេងៗទៀត។
លោកស្រីបណ្ឌិត បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខុមាលភាពរបស់ក្មួយៗជាកម្មករ កម្មការិនី ជាប់ជាប្រចាំ ធានាយ៉ាងណាជួយសម្រាលបន្ទុកដល់ក្មួយៗ និង ក្រុមគ្រួសារ។ លោកជំទាវ ក៏បានបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់បងប្អូនកម្មករ-កម្មការិនីដោយបេះដូង ទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។
សូមបញ្ជាក់ថា តាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ៤,០០០នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ១០៥ ករណីដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕