ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានថ្លែងណែនាំណែនាំដល់លោក លោកស្រីជាអភិបាលក្រុង ស្រុកនិងសមត្ថកិច្ច ដែលពាក់ព័ន្ធត្រូវចាត់ទុក អ្នកសារព័ត៌មាន ជាដៃគូមិនអាចខ្វះបានក្នុងការងារ ដោយមិនត្រូវយក អ្នកសារព័ត៌មានជាសត្រូវ និងត្រូវឈរលើស្មារតីរួម សហការគ្នា ក្នុងការប្រយុទ្ធប្រឆាំង ជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម ។

នាព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣នេះ លោកម៉ែន វិបុលបានថ្លែងនូវកោតសរសើរ និងអរគុណចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមាន ពិធីជួបជុំសំណេះ សំណាលនេះឡើង សរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ការពារ លើកស្ទួយ ក៏ដូចជាផ្ដល់នូវភាពចាំបាច់ មិនអាចខ្វះបាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកដើរតួនាទី ដ៏សំខាន់ នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុង បរិបទសម័យកាលបច្ចេកវិទ្យា នៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ។

លោកបានបញ្ជាក់ថា ការជួបជុំនេះជាលើកទី១ហើយ ដែលយើងមានរៀបចំពិធីជួបជុំគ្នានេះឡើង ជាការជួបជុំប្រចាំឆ្នាំ ដែលជាការជួបជុំដ៏ចាំបាច់ និងដ៏មានសារៈសំខាន់បំផុត ។ ហើយជាពិសេសការរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈនេះ គឺជាការបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួត រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើង ។

ជាមួយគ្នានេះលោកអភិបាលខេត្ត បានសំណូមពរ ឲ្យទៅអ្នកសារព័ត៌មាន មុននឹងចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយ ដែលទាក់ទងនឹងកិច្ចការងារផ្សេងៗ របស់រដ្ឋបាលខេត្ត អាចធ្វើការទំនាក់ទំនង មកអ្នកនាំពាក្យរដ្ឋបាលខេត្ត ដែលមានលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ ឬទំនាក់ទំនងជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ដើម្បីបានព័ត៌មានកាន់តែច្បាស់បន្ថែមទៀត ដើម្បីចៀសវាងការចុះផ្សាយព័ត៌មាន ដែលមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ ។ ហើយក្នុងនាមជាអភិបាលខេត្ត នៅតែបញ្ជាក់ជូនថា យើងខ្ញុំរង់ចាំ ទទួលជានិច្ចរាល់ការផ្សព្វផ្សាយ ទាំងព័ត៌មានវិជ្ជមាន និង ព័ត៌មានអវិជ្ជមាន ដើម្បីយើងរួមគ្នាធ្វើការដោះសា្រយបញ្ហា ឲ្យឱ្យទាន់ពេលវេលា មិនចង់ទៀតទៅ៕
