ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌ ជូនអតីតបុគ្គលិក វិទ្យុវីអូឌី (VOD)ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ ។
នៅលើ គណនីហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ដោយសារតែវិទ្យុវីអូឌី ត្រូវបានបិទនិងគ្មាន ឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិក ដែលបាត់បង់ការងារ ធ្វើដោយកំហុសមេដឹកនាំ»។
សម្ដេចតេជោគូសបញ្ជាក់ថា«ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការ រដ្ឋ។សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួង មុខងារសាធារណៈដើម្បីដាក់ពាក្យសុំ ធ្វើការ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការម្រេចចិត្តរបស់យើងនោះឡើយ។ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ
តាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាព
សារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និង
ពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង»៕