ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានលើកឡើងថា សេរីភាពនៃការបង្កើតសហជីព នៅតែជាបញ្ហាប្រឈមរបស់កម្មករនិយោជិត នារយៈពេលចុងក្រោយ។
មូលហេតុដែលលោកថា នៅតែជាបញ្ហាប្រឈមនោះដោយសារ តំណាងសហជីពចលនាកម្មករចំនួន ៣ រោងចក្រ ត្រូវបានក្រុមហ៊ុន បញ្ឈប់ពីការងារ បន្ទាប់ពីពួកគាត់បានបង្កើតសហជីព ។ នេះបើតាមហ្វេសប៊ុក លោក នាថ្ងៃ១៤ កុម្ភៈ។
លោកបន្តថា រោងចក្រទាំង៣នោះរួមមាន ៖ ១-រោងចក្រផលិតស្បែកជើង ប៉ុនតឺស ស្ថិតក្នុងខេត្តតាកែវ
, ២-រោងចក្រកាត់ដេរ ធី វីន ស្ថិតក្នុងខេត្តតាកែវ
និង៣-រោងចក្រកាត់ដេរ ខាស់វែល ស្ថិតនៅរាជធានីភ្នំពេញ ។
លោក ប៉ាវ ស៊ីណាឲ្យដឹងទៀតថា មុននឹងក្រុមហ៊ុន បញ្ឈប់ពួកគាត់ពីការងារ គឺភាគីក្រុមហ៊ុនបានគំរាម កំហែងគ្រប់រូបភាពមកលើពួកគេ បើទោះបីភាគីក្រុម ហ៊ុន បានដឹងរួចមកហើយថា ស្ថាបនិកសហជីព ត្រូវទទួលបាននូវការការពារពិសេស យ៉ាងណាក៏ដោយ ក៏ភាគីក្រុមហ៊ុន មិនខ្វល់ពីច្បាប់នោះឡើយ ។
ជាមួយគ្នានេះដែរ សម្ព័ន្ធសហជីពចលនាកម្មករ នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការការរើសអើងសេរីភាពសហជីព ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕