ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានថ្លែងថា ការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
នាឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយ លោកបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបាននិងកំពុងបន្ត រីកចម្រើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
សម្តេចប្រមុខរដ្ឋស្តីទី បានកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានកំណើនជាលំដាប់ ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសឈរលំដាប់ថ្នាក់ទី១ មានទំហំពាណិជ្ជកម្មធំជាងគេ ជាមួយកម្ពុជាក្នុងចំណោម បណ្តាប្រទេសនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ មានកំណើនចំនួន ៤% បើធៀបនឹងឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដ-១៩។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ហិរញ្ញប្ប ទានសម្បទាន ហិរញ្ញប្បទានឥតសំណង ក្នុងវិស័យអាទិភាពជាច្រើនចាប់តាំងពីឆ្នាំ១៩៩៤ មក រួមមាន៖ វិស័យអប់រំ, សុខាភិបាលនិងគាំពារសង្គម, ការអភិវឌ្ឍប្រកបដោយចីរភាព, អភិបាលកិច្ច, វប្បធម៌, ការកាត់បន្ថយភាពក្រីក្រ និងការបោសសម្អាតមីន។ សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា «ការគាំទ្រដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់»។
ចំណែកលោកប្រធានាធិបតីអាល្លឺម៉ង់វិញ បានវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ ជាពិសេសកម្ពុជាបានដាក់ចេញ គោលនយោបាយប្រព័ន្ធការពារសុខុមាលភាពសង្គម កែលម្អគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនប្រកបចីរភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោកគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ បង្ហាញពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការ នៅពេលអនាគត ។
លោក ហ្រ្វាំង វ៉ាល់ធ័រ ស្ដែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ និងភរិយបានមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្ដេច សាយ ឈុំ ។ ដំណើរទស្សនកិច្ចនេះ ជាទស្សនកិច្ច ប្រវត្តិសាស្ត្រដែលប្រធានាធិបតីអាល្លឺម៉ង់បានមកកាន់កម្ពុជាលើកដំបូង ក្រោយការបង្កើតទំនាក់ទំនងការទូតនឹងគ្នាជាថ្មី នៅក្នុងឆ្នាំ១៩៩៤។ កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៧មក ប៉ុន្តែត្រូវបានអាក់ខានទៅវិញក្នុងចន្លោះឆ្នាំ១៩៦៩-១៩៩៣។ លុះដល់ឆ្នាំ១៩៩៤ ក្រោយការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា រៀបចំដោយអង្គការសហប្រជាជាតិ គឺកម្ពុជា-អាល្លឺម៉ង់ ក៏បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ រហូតមកសព្វថ្ងៃ ៕