នយោបាយ

គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនឡាវ រួមគ្នាប្រយុទ្ធប្រឆាំង សកម្មភាពបដិវត្តន៍ពណ៌

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រកាសរួមគ្នា ប្រយុទ្ធប្រឆាំងសកម្មភាពបដិវត្តន៍ពណ៌ និងមិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការចាត់តាំងណាធ្វើសកម្មភាព ប្រឆាំង ឬប្រើប្រាស់ទឹករបស់ខ្លួន ដើម្បីប្រឆាំងភាគីម្ខាងនោះទេ។

ក្នុងកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរលើកទី១៣ នៅរដ្ឋធានីរៀងចន្ទន៍ ប្រទេសឡាវ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម គណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនឥតឈប់ឈរ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

ភាគីទាំងពីរក៏បានឲ្យព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេសភាគីកម្ពុជា បានប្រាប់ឡាវ អំពីលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ និងបានផ្លាស់ប្ដូរយោបល់អំពី សភាពការណ៍អន្តរជាតិនិងតំបន់ ដោយផ្ដោតទៅលើការពង្រឹងពហុភាគីនិយម ក្នុងទំនាក់ទំនងអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

បន្ថែមពីលើនេះ ភាគីទាំងពីរឯកភាពរួមគ្នាប្រយុទ្ធប្រឆាំង សកម្មភាពបដិវត្តន៍ពណ៌ ដោយជំរុញការអនុវត្តច្បាប់ និងមិនអនុញ្ញាតឲ្យបុគ្គល អង្គការចាត់តាំងណាមានសកម្មភាពប្រឆាំង ឬ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេស នៃភាគីម្ខាងទៀត។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចាត់តាំងអនុវត្តស្មារតី នៃកិច្ចប្រជុំកំពូលលើកទី១២ រវាងគណបក្សទាំងពីរនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការលើកកម្ពស់ចំណង សាមគ្គីភាពមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នារវាងគណបក្ស រដ្ឋាភិបាល សភា និងអង្គការមហាជន នៃប្រទេសទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសនីមួយៗ និងលើកកម្ពស់ តួនាទីប្រទេសទាំងពីរនៅក្នុងតំបន់ និងអន្តរជាតិ។

ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង មិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេសទាំងបី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ៕

To Top