ព័ត៌មានជាតិ

កម្ពុជា-ចិន ជំរុញការតភ្ជាប់ យុទ្ធសាស្ត្រចតុកោណ-ខ្សែក្រវាត់ និងផ្លូវ , បង្កើតច្រករបៀង អភិវឌ្ឍន៍ឧស្សាហកម្ម និង “ច្រករបៀងត្រី និងស្រូវ”

កម្ពុជានិង ចិនបានឯកភាព ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវការតភ្ជាប់គ្នារវាង «យុទ្ធសាស្ត្រចតុកោណ» និង គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជំរុញកិច្ច សហប្រតិបត្តិការ លើការកសាង “ច្រករបៀង អភិវឌ្ឍន៍ឧស្សាហកម្ម” ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ផ្តោតលើការនាំចេញត្រី ដ៏សម្បូរបែប របស់កម្ពុជា ទៅកាន់ប្រទេសចិន ។

នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងសន្និសីទសារព័ត៌មាន សង្ខេបពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ឯកឧត្តម Wang Wentian បានបង្ហាញពីលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ជុំវិញដំណើរ ទស្សនកិច្ចនេះ ហើយឯកឧត្តម ក៏បានចូលរួមទទួលដំណើរ ទៅដល់ប្រទេសចិន របស់សម្តេចតេជោ និងបានតាមដានយ៉ាង យកចិត្តទុកដាក់អំពីកិច្ចការនេះ ។

លោក Wang Wentian ក៏បានលើកឡើងដល់ត្រង់ បីចំណុច គួរឲ្យកត់សម្គាល់ផងដែរ ក្នុងនោះ តាមរយៈ ទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាព លើការអភិវឌ្ឍភាពស៊ីជម្រៅរវាង «យុទ្ធសាស្ត្រចតុកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា និង គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ភាគីចិន , ជំរុញកិច្ចសហប្រតិបត្តិការ លើការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ផ្តោតលើការនំាចេញ ប្រភេទត្រីរបស់កម្ពុជាទៅកាន់ប្រទេសចិនកាន់តែសម្បូរបែប ជាមួយនឹងការនាំចេញស្រូវ អង្ករ កាន់តែច្រើនបន្ថែមទៀតផងដែរ ។

លោក Wang Wentian បានលើកឡើងថា «កិច្ចសហប្រតិបត្តិការលើសមត្ថភាពផលិតកម្ម ដោយផ្តោតលើការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” ក្នុងនោះ លោកថា ខេត្តព្រះសីហនុ គឺជាប៉ូលដ៏សំខាន់ នៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែង កសាង វាទៅជាតំបន់សេដ្ឋកិច្ចពហុមុខងារគំរូ។ ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយក្នុងរឿងនេះ តាមរយៈការ ធ្វើឱ្យស៊ីជម្រៅ នូវការតភ្ជាប់ រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្រចតុកោណ” ដោយផ្តល់តួនាទីពេញលេញ ដល់យន្តការ នៃកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិតកម្មចិន-កម្ពុជា ពិភាក្សាបង្កើត “ច្រករបៀង អភិវឌ្ឍន៍ឧស្សាហកម្ម” ដែលយកខេត្តព្រះសីហនុ ជាចំណុចកណ្ដាល ដោយពឹង ផ្អែកលើគម្រោងផ្សេងៗ ដូចជាគម្រោង តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញព្រះសីហនុជាដើម ជំរុញ ឱ្យក្រុមហ៊ុនចិន កាន់តែច្រើនមកបណ្តាក់ទុន នៅខេត្តភាគខាងលិច និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រផ្នែកដឹកជញ្ជូន ខ្សែកាបអគ្គិសនី ឃ្លាំង និងភស្តុភារ»

លោកបន្តថា «ភាគីចិនគាំទ្រយ៉ាងសកម្មក្នុងការសាងសង់ផ្លូវដែកកម្ពុជា និងផ្តល់ថវិកា ៣០០លានយ័ន សម្រាប់ការស្រាវជ្រាវបឋម និងគម្រោងជីវភាពរស់នៅតាមខ្សែបន្ទាត់ ហើយទន្ទឹងរង់ចាំការសម្រេចបានដំបូង នៃការតភ្ជាប់ផ្លូវដែកនៅកម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ»
ឯកឧត្តមបានបន្ថែមទៀតថា «កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផ្តោតលើការកសាង “ច្រករបៀងត្រី និងស្រូវ” ។ ប្រទេសកម្ពុជាសម្បូរធនធានកសិកម្ម ហើយកសិកម្មគឺជាសសរស្តម្ភដ៏សំខាន់ នៃសេដ្ឋកិច្ចកម្ពុជា ។ ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា និងតំបន់បឹងទន្លេសាប គឺជាឃ្លាំង និង “ឃ្លាំងត្រី” ដ៏សំខាន់ក្នុងប្រទេសកម្ពុជា ភាគីទាំងពីរនឹង ពិភាក្សាគ្នាអំពីការបង្កើត “ច្រករបៀងត្រី និងស្រូវ” ដែលផ្តោតលើតំបន់នេះ អភិវឌ្ឍកសិកម្មបែបអេកូឡូស៊ី ទំនើបនៅជិតបឹង ។ និងជួយកម្ពុជាពន្លឿនការសម្រេចបាននូវទំនើបកម្មកសិកម្ម និងបង្កើនចំនួនកសិករ បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញកសិផល ដែលមានគុណភាពខ្ពស់បន្ថែមទៀតទៅប្រទេសចិន ។ ខេត្ត Jiangsu របស់ប្រទេសចិន គឺជាទឹកដីនៃត្រី និងស្រូវរបស់ប្រទេសចិន វាមានបច្ចេកវិជ្ជាទំនើប និងបទពិសោធន៍ដ៏សម្បូរបែបក្នុងការអភិវឌ្ឍន៍កសិកម្មទំនើប។ ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងជំរុញការបង្កើតយន្តការសហប្រតិបត្តិការរវាងខេត្ត Jiangsu របស់ប្រទេសចិន និងក្រសួងកសិកម្មកម្ពុជាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ការសាងសង់ «ច្រករបៀងត្រី និងស្រូវ»។

To Top