ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ឯក ក៏បានរំលឹកអំពីការរួមចំណែក របស់ប្រទេសជប៉ុន នៅក្នុងការរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជា ដែលជួយឲ្យកម្ពុជា បង្កើតបានរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ១៩៩៣ ហើយមកដល់បច្ចុប្បន្ន ជប៉ុននៅតែបន្តជួយអភិវឌ្ឍន៍កម្ពុជា ក្នុងនោះកត្តាដែលសំខាន់ គឺការជួយកសាងធនធានមនុស្ស និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានថ្លែងអំណរគុណ ដល់លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide) និងជូនពរអោយទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ទទួលបានលទ្ធផលល្អផងដែរ។
ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ (Yoshida Yoshihide)បានសំដែង ការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើន។
ជាមួយលោកនាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តន៍ឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាល។
លោកនាយឧត្ដមសេនីយ៍ យូស៊ីហ៊ីដិ(Yoshida Yoshihide) បានសម្ដែងសេចក្តីរីករាយ និងអំណរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះជប៉ុន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕