ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ បានចាត់ទុកដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់លោក Yoshida Yoshihide មេបញ្ជាការកងកម្លាំង ស្វ័យការពារជើងគោកជប៉ុន មកកាន់កម្ពុជា នឹងរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំង២ ឲ្យកាន់តែល្អប្រសើរថែមទៀត ។
ក្នុងជំនួបជាមួយ លោក Yoshida នាថ្ងៃ១៦ កុម្ភៈ សម្តេច ទៀ បាញ់ថ្លែងថា តាមរយៈនៃដំណើរ ទស្សនកិច្ចនេះ ពិតជាទទួលបានលទ្ធផលល្អ ដើម្បីរួមចំណែកដល់ការពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំង២ កាន់តែល្អប្រសើរ ។
សម្តេចបន្តថា កងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរយោធា រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិជប៉ុន ដែលបានចុះហត្ថលេខារួមគ្នា កាលពីខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ នៅទីក្រុងតូក្យូ ។
សម្រាប់លោក Yoshida Yoshihide បានធ្វើការកត់សម្គាល់លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-ជប៉ុន ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការវិវត្តឥតឈប់ឈរ ក្នុងនោះវិស័យការពារជាតិ ក៏កំពុងត្រូវបានពង្រឹងពង្រីក ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយបណ្ដុះបណ្ដាលធនធាន មនុស្សលើគ្រប់ជំនាញ ។
លោក Yoshida ថា ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បានឈានដល់កម្រិតជាដៃ គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយតាមរយៈជោគជ័យនេះ ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាមួយសមភាគីកម្ពុជា ៕