ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំបូកសរុបការងារ យុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការងារ យុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ដែលនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់ដ៏ធំធេង ដោយយកអស់គ្រប់លទ្ធភាព ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធាន រហូតសម្រេចបានស្នាដៃ និងសមិទ្ធផលការងារជាច្រើន ជូនគណបក្សប្រជាជនកម្ពុជា និងជាតិមាតុភូមិ។

លោក បន្តថា យុវជនគណបក្សប្រជាជនកម្ពុជា មានភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរសុភាពរាបសា ហើយលើសពីនេះក៏ត្រូវខិតខំចូលរួមចំណែកបន្ត ថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុន បានបន្សល់ទុកឱ្យ ព្រមទាំងខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំ នៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព និងការយល់ដឹងច្បាស់អំពីតួនាទីភារកិច្ច ក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយរុងរឿង និងសុភមង្គល។

លោក ក៏ស្នើចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូមជឿទុកចិត្ត ព្រមទាំងគាំទ្រសមិទ្ធផល និងគោលនយោបាយរបស់គណបក្ស ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាព នៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ៕

To Top