ព័ត៌មានជាតិ

សម្ដេច​ ស​ ខេង​ រំលឹក​ពលរដ្ឋ ឱ្យទៅបោះឆ្នោត​ និងចូលរួមបន្តថែរក្សាការពារ សុខសន្តិភាព ស្ថិរភាពជាតិ

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋឱ្យ​ទៅបោះឆ្នោត​ និង​បន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ជាតិធំៗ​ នាពេលខាងមុខនេះ។ 

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង​ នាថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ សម្ដេច ស ខេង បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នា ការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទក។

សម្ដេច​ បញ្ជាក់​ “ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យ ការរៀបចំព្រឹត្តិការណ៍ជាតិធំៗ នាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។

សម្ដេច​ បានរំលឹកអំពីប្រវត្តិសាស្រ្ត នៃការឆ្លងកាត់សង្គ្រាមកាប់សម្លាប់ និងការនិរាសព្រាត់ប្ដីប្រពន្ធកូន រួមទាំងក្រុមគ្រួសារសម្ដេច ទម្រាំមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ សម្ដេច​ បានកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពជាតិ ជាសមិទ្ធផលស្នូល ដែលនាំឱ្យកើតមានវឌ្ឍនភាព នូវសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់ជាតិ រួមទាំងសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

លេីសពីនេះ​ សម្ដេច​ ស​ ខេង​ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ៕

To Top