ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីបំណង បង្កើតក្រុមបាល់ទះត្រកូល ហ៊ុន ហើយសម្ដេចនឹងដឹកនាំចៅៗ ទៅប្រកួតផ្ទាល់តែម្តង ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និង សញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស ជិត២ ពាន់នាក់នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័ណពាណិជ្ជកម្ម ជ្រោយចង្វារសម្តេចតេជោ ហ៊ុន សែន បានថ្លែង ថា «ឥឡូវចៅខ្ញុំកំពុងបាល់ទះនៅប្រទេសឡាវ តំណាងឲ្យសាលា ដែលមុននោះចៅពីរនាក់ ទៅលេងនៅវៀតណាម ។ ឥឡូវនេះក្នុងចំណោមចៅប្រុស ១២នាក់ ចង់បង្កើតក្រុមបាល់ទះ ប៉ុន្តែអាយុខុសគ្នា ហើយខ្លះអត់ចង់លេងបាល់ទះ តែមាន៣នាក់ចង់លេងបាល់ទះ» ។
សម្តេច លើកឡើងថា នៅពេលជួបជុំគ្នា នឹងរើសយកក្រុមណាមួយមកលេងជាមួយ ដោយសម្តេចនឹងដឹកនាំផ្ទាល់ (គ្រូបង្វឹក) ដោយឲ្យដាក់ឈ្មោះក្រុមបាល់ទះត្រកូលហ៊ុន។
សម្តេចបានលើឡើងថា ក្នុងចំណោមចៅប្រុសៗទាំង ១២រូប មានចៅខ្លះចូលចិត្តលេងបាល់ទាត់ ចំណែកបាល់ទះអត់សូវលេង ប៉ុន្តែនៅមាន៣នាក់ចូលចិត្តលេងបាល់ទះ ហើយ ពួកគេសុទ្ធតែមានកម្ពស់ខ្ពស់។
ការលើកឡើងរបស់ សម្តេចបន្ទាប់ពីថ្ងៃទី១៩ កុម្ភៈមាការប្រកួតបាល់ទះមិត្តភាព រវាងយុវជនកម្ពុជាក្រោមអាយុ ១៩ឆ្នាំ ជាមួយក្រុមយុវជនបារាំង អាយុក្រោម១៩ឆ្នាំ ដោយក្រុមបាល់ទះកម្ពុជា បានចាញ់ពិន្ទុបារាំង។
សម្តេចបានបញ្ជាក់ថា «បើទោះបីក្រុមកម្ពុជាចាញ់បារាំងក្តី តែខ្ញុំ អ្នកលេងបាល់ទះតាំងពីតូចមក កម្រិតលេងប៉ុណ្ណឹងទទួលយកបាន ។ ឥឡូវនេះកូនខ្មែរដែរឈរទៅមិនទាប ជាងបារាំងផង ខ្ញុំមើលគ្រប់ការប្រកួតនោះ តែគ្រាន់តែយើងកម្ពុជាចាញ់ល្បិចគេបន្តិច គឺយើងប្រើកំលាំងនយោបាយច្រើនជាង ដែលជាការពិបាកយកឈ្នះ»។
ជាមួយគ្នានោះដែរសម្តេចតេជោ បានលើកឡើងសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នេះ ក្រុមកីឡាករកម្ពុជាបាននិងកំពុងតែ ខិតខំហ្វឹកហាត់យ៉ាងមមាញឹក ក្នុងនោះក្រសួងអប់រំយុវជន និងកីឡាដែលគ្រប់គ្រងផ្នែកនេះ បាននិងកំពុងខិតខំហ្វឹកហ្វាត់ ដើម្បីចូលរួមប្រកួត។
សម្ដេចតេជោប្រាប់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាឱ្យបានដឹងថា ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះ មិនមែនជារបស់ផ្តាច់ មុខរបស់រដ្ឋាភិបាល ឬដាច់ដោយឡែករបស់ គណបក្សប្រជាជនកម្ពុជានោះទេ។ ប៉ុន្តែជារឿង រួមរបស់ប្រទេសជាតិ ។
ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានលើកឡើងថា ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះដែរ គណបក្សនៅក្រៅរដ្ឋាភិបាល ក៏មានចំណែកផងដែរ ៕