ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹក ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣ បានប្រកាសខេត្តស្វាយរៀងជាខេត្តអស់មីន។
តាមរបាយការណ៍របស់ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តស្វាយរៀង មានប្រតិបត្តិករបានធ្វើការបោសសម្អាតទាំងចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងទំហំផ្ទៃដីសរុបចំនួន ៤១គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣.៥៦៩គ្រាប់មីន ប្រឆាំងរថក្រោះចំនួន ១៣២គ្រាប់ និងសំណល់ ជាតិផ្ទុះផ្សេងទៀតចំនួន ៧.១៨៤៣គ្រាប់ ។
ជាមួយគ្នានេះ ក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនចុងក្រោយ និងប្រកាសជាខេត្តអស់មីននាថ្ងៃនេះ ក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១.០២៣ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៩៩គ្រាប់ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលតែងតែជួយដល់រាជរដ្ឋាភិបាល និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រតិបត្តិករ បោសសម្អាតមីនជាតិ-អន្តរជាតិ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ តាមការចង្អុរបង្ហាញពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានបំពេញការងារទទួលជោគជ័យ ។
លោកស្រី បានអំពាវនាវដល់ប្អូនៗ ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់នៅមាន ហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖
១.បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថា ជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត ។
២.ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់
៣.កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕