ព័ត៌មានជាតិ

គ្រឿងអលង្ការ បុរាណខ្មែរ ៧៧គ្រឿង ត្រូវបាននាំយកមកកម្ពុជាវិញ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា គ្រឿងអលង្ការបុរាណខ្មែរចំនួន ៧៧គ្រឿងថែមទៀត នៅប្រទេសអង់គ្លេស បានត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ បានឱ្យដឹងថា គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគឿង អលង្ការមាស និងលោហៈមានតម្លៃមួយ ចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ, Khmer Gold; Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C, Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជន ពុំធ្លាប់បានឃើញពីមុនមក។

ក្រសួងបន្ដថា រាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ ដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមាន បុរាណទាំងនេះជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ដែលសរបញ្ជាក់ពីយុទ្ធសាស្ត្រ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តា ប្រទេសនានាក្នុងសកលលោក ។

សូមបញ្ជាក់ថាពិធីប្រគល់-ទទួលរតនវត្ថុទាំងនេះ បានប្រព្រឹត្តទៅដោយមានការចូលរួម ពីសំណាក់គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាជរដ្ឋាភិបាលកម្ពុជា លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋាន អាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងខម្ម៉ន់វែលនៃចក្រភពអង់គ្លេស អង្គភាពសិល្បៈ និងបុរាណវត្ថុ នៃស្នងការដ្ឋានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។ គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

To Top