ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពី បំណងចង់មានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសទទួលជួប លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការវិនិយោគអង់គ្លេស មកកាន់កម្ពុជាកាន់តែច្រើនថែមទៀតនាពេលខាងមុខ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានសម្ដែងនូវការគោរពភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការនាំនូវសុខសន្តិភាព និងស្ថេរភាព នយោបាយសម្រាប់កម្ពុជា, ទប់ស្កាត់ការរីករាលដានៃជំងឺកូវីដ១៩ បើកប្រទេស និងបើកសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ, គ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ,ដឹកនាំកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យដ៏ត្រចះត្រចង់ និង ការយកចិត្តទុកដាក់របស់សម្ដេចតេជោ លើការដោះមីន និងនាំកម្ពុជាឈាន ទៅជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
លោក ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា មហិច្ឆតារបស់លោកគឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរជូនចំពោះលោក ដូមីនិក ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានជួយកម្ពុជាលើការដោះមីនផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានរងនូវសោកនាដកម្មជាង ៤០ ឆ្នាំមកហើយដោយសារគ្រាប់មីន។ ពេលនេះកម្ពុជាកំពុងប្រើធនធានយ៉ាងច្រើនជាមួយធនធានសប្បុរសជន ក៏ដូចជាធនធានរបស់ដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥៕