ភ្នំពេញ៖ បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ប្រកាសថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ។
ក្នុងឱកាសទទួលជួប លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូល។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី Park Jung Wook បានប្រាប់សម្ដេចពីក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោក៕