ព័ត៌មានជាតិ

និស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៣៥រូប ចេញទៅសិក្សានៅចិន 

ភ្នំពេញ៖ និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥រូប បានធ្វើដំណើរចេញទៅសិក្សា នៅប្រទេសចិន ហើយកាលពីថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លង ទៅនេះ។

និស្សិតដែលចេញទៅសិក្សានៅសាកលវិទ្យាល័យអានហ៊ួយ ប្រទេសចិននេះ ទទួលបាននូវអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត ក៏ដូចជាក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងលោក Liu Ren ប្រធានសមាគមសភាពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា។

ក្នុងនោះលោក ឡាវ វ៉ាន់ បានដឹកនាំក្រុមការងារអញ្ជើញជូនដំណើរនិស្សិតដែលចេញទៅសិក្សា នៅ ប្រទេសចិននេះដោយផ្ទាល់ នៅព្រលានយន្តហោះថែមទៀតផង។

សូមរំលឹកថា មុននឹងឡើងយន្តហោះចេញទៅសិក្សានៅប្រទេសចិន កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំអាហារមួយពេលជូននិស្សិតទាំង ៣៥រូបនេះផងដែរ។

ក្នុងពេលនោះ លោក ឡាវ វ៉ាន់ បានផ្តាំផ្ញើដល់និស្សិតទាំង៣៥រូប ឱ្យប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា មកបំពេញការងារចិញ្ចឹមជីវិត។ ជាពិសេសត្រូវយកចំណេះវិជ្ជា បទពិសោធន៍ ដែលបានឆ្លងកាត់អំឡុងពេលសិក្សា នៅក្រៅប្រទេស ត្រលប់មកតបស្នងសងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក ឡាវ វ៉ាន់ ក៏បានផ្តាំផ្ញើបន្ថែមនិស្សិតទាំង៣៥រូប កុំមានអារម្មណ៍ឯកោ ពេលស្នាក់នៅ និងសិក្សានៅប្រទេសចិន ព្រោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកចិត្តទុកដាក់ជាប់ជានិច្ច។

លោកបន្តថា ប្រសិនបើមានបញ្ហាអ្វីត្រូវទាក់ទងក្រុមការងារ គ្រប់គ្រង និស្សិតក្រៅ ប្រទេស ប្រចាំប្រទេសចិន តាមរយៈក្រុមសម្របសម្រួលកិច្ចការនិស្សិត និងតំណាង និស្សិត ប្រចាំតំបន់ ដើម្បីជួយដោះស្រាយបញ្ហា៕

To Top