ភ្នំពេញ ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានអំពាវនាវ ដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬសុពលភាព នៅសល់តិចជាងឬត្រឹម៩០ថ្ងៃ អញ្ជើញមកបំពេញ បែបបទសុំប្តូរយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ដោយមិនបង់ប្រាក់អ្វីឡើយ។
យោងតាមសេចក្ដីអំពាវនាវនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល១០ឆ្នាំ គិតចាប់ពីថ្ងៃផ្តល់ ដូច្នេះ អត្តសញ្ញាណប័ណ្ណដែលបានផ្តល់ឲ្យតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗ ចាប់ពីខែមិថុនា ឆ្នាំ២០២២ នេះតទៅ។
អគ្គនាយកដ្ឋានបន្ដថា គិតចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន ១.៧២៧.០៩៤ នាក់ ត្រូវអស់សុពលភាព ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ៦៩៤.១៤២ នាក់ បានទៅបំពេញបែបបទ ស្នើសុំប្តូរយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មីរួចហើយ។
ដើម្បីធានាសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិ នយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម “អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬសុពលភាព នៅសល់តិចជាងឬត្រឹម៩០ថ្ងៃ អញ្ជើញមកបំពេញបែបបទ សុំប្តូរយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មី (ទុតិយតា)»។
អគ្គនាយកដ្ឋាន បានឲ្យដឹងថា ពលរដ្ឋ ប្ដូរអត្តសញ្ញាណប័ណ្ណ នៅតាមបណ្តាទីតាំងដូចជា ៖ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន, នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ), ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើប អ៊ីអនម៉ល២ (Aeon Mall II) សែនសុខ ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាល ពុំតម្រូវឲ្យមានការបង់ប្រាក់អ្វីឡើយ ក្នុងការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ៕