ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គម ដែលអាចសម្របខ្លួនបាន (Strengthening adaptive social insurance)។
ពិធីចុះ MOU ដ៏មានសារៈសំខាន់ខាងលើនេះ មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. តំណាងឱ្យភាគី ប.ស.ស. កម្ពុជា លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) តំណាងឱ្យភាគី AFD ព្រមទាំងលោកស្រី កែវ សុជាតា តំណាងឱ្យអង្គការហ្គ្រេត (GRET) ប្រចាំកម្ពុជា។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ ក្នុងពិធីចុះ MOU ខាងលើ បានថ្លែងថា៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី នាពេលនេះ គឺជាស្ពានក្នុងការរួមចំណែកជួយឱ្យ ប.ស.ស. កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ក្នុងការពង្រីកសក្តានុពលនៃការអនុវត្តរបបសន្តិសុខសង្គម ឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព ពិសេសអាចគ្របដណ្តប់ ទៅដល់វិស័យកសិកម្ម ក្នុងការការពារហានិភ័យ ដែលអាចកើតឡើង ក្នុងកំឡុងពេលមានវិបត្តបច្ចេកវិទ្យា និងបម្រែបម្រួលអាកាសធាតុ ដើម្បីរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។
លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេច ឱ្យបានជោគជ័យទៅតាមគោលបំណង ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីចែករំលែកនូវចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមក ដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គម ទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។
លោក Rémy RIOUX ជានាយកប្រតិបត្តិ នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ដែរថា៖ គោលបំណង ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងគ្នានាពេលនេះ គឺផ្តោតសំខាន់ទៅលើការ កំណត់អត្តសញ្ញាណ ដែលជាជម្រើសជាក់ស្តែងសម្រាប់បន្តការធានារ៉ាប់រង ប្រកបដោយនិរន្តរភាពនៃការធានារ៉ាប់រងសង្គម ទៅលើប្រជាជនក្រុមគោលដៅ។
គួរឱ្យដឹងផងដែរថា៖ នាពេលបច្ចុប្បន្ននេះ ប.ស.ស. កម្ពុជា និងអង្គការហ្រ្គត (GRET) កំពុងអនុវត្តគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភដោយមានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Weave Our Future ដើម្បីរួមចំណែកពង្រីកវិសាលភាព ការគ្របដណ្តប់ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព សម្រាប់ក្រុមជនគោលដៅចំនួនពីរក្រុមគឺ (ទី១) សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង (ទី២) សមាជិកសមាគមអ្នកបម្រើការងារក្នុងផ្ទះ (ADW) នៅក្នុងរាជធានីភ្នំពេញ៕