ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំ ត្រួតពិនិត្យលើរបាយការណ៍ លទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ដឆ្នាំ២០២៣

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៧ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖

១)ពិនិត្យ និងសម្រេចលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដឆ្នាំ២០២៣ របស់បេឡាជាតិសន្ដិសុខសង្គម

២)សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជាផ្ទៃក្នុង របស់បេឡជាតិសន្ដិសុខសង្គម 

និង៣) បញ្ហាផ្សេងៗ 

ក្នុងឱកាសកិច្ចប្រជុំពិភាក្សានេះ លោកបណ្ឌិតរដ្ឋមន្ត្រី បានជំរុញដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវលើកបញ្ហាប្រឈមនានា និងកិច្ចការងារពាក់ព័ន្ធមួយចំនួន មកពិនិត្យ និងពិភាក្សាឱ្យបានផុសផុល ព្រមទាំងដាក់ចេញជាមួយនូវដំណោះស្រាយសមស្របនានា សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តការងារបន្ត សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តរបបសន្ដិសុខសង្គម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពប្រាក់ចំណូល គាំពារសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនកម្មករនិយោជិត។

ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំអនុវត្តការងាររយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២២នេះ សម្រេចបាននូវសមិទ្ធផលជាច្រើន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារ​ ដោយជោគជ័យស្របតាមផែនការគួរជាទីមោទកៈ ។ 

តាមរយៈលទ្ធផលនៃកិច្ចប្រជុំ ពិភាក្សាពេញមួយរសៀលនេះ អង្គប្រជុំ បានសម្រេចឯកភាពទាំងស្រុង លើរបាយការណ៍លទ្ធផលការងារសម្រេច បានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ដឆ្នាំ២០២៣ របស់ ប.ស.ស. ដើម្បីរៀបចំប្រជុំបូកសរុប នាពេលខាងមុខ និងសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលបទបញ្ជាផ្ទៃក្នុង របស់បេឡជាតិសន្ដិសុខសង្គម ត្រូវបានក្រុមប្រឹក្សាភិបាល ពិភាក្សា និងកែសម្រួលនូវចំណុចសំខាន់ជាច្រើនរួចរាល់ ក៏ទទួលបានការសម្រេចឯកភាពអនុម័តទាំងស្រុងផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ពីសមាជិកក្រុមប្រឹក្សាភិបាល សរុបចំនួន ១១រូប៕

To Top