ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នេីដល់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយកម្ពុជា លើវិស័យអភិវឌ្ឍ ធនធានមនុស្ស ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងភ្លើង ជាដើម។
នាឱកាសអនុញ្ញាតឲ្យលោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ស្នើសុំឱ្យភ្នាក់ ងារអភិវឌ្ឍន៍បារាំង ឯកឧត្តម រ៉េមី បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំង កំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង»។
សម្ដេច ក៏បានលើកឡើងពីគោលនយោបាយកសិកម្មរបស់កម្ពុជា ក្នុងនោះ ការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេច បានលើកឡើងអំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និងនាំអង្ករចេញពីកម្ពុជា។ សម្ដេច ថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃ សម្រាប់ កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។
សម្ដេច បានបន្ថែមថា ច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំង នោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេស មកវិនិយោគ ១០០% នៅកម្ពុជា ហើយក៏អនុញ្ញាតឲ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែ ជូនកម្មករផង ដែរ។ ក្នុងន័យនេះ សម្ដេច បានលើកទឹកចិត្តឲ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនេះ។
ជាការឆ្លើយតបលោក អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានកត់ត្រាទុកនៅរាល់អ្វីដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយលោក នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ។ លោក លើកឡើងអំពីការបើកសាខាបច្ចេកទេស នៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិសនីក កើតឡើងវិញ។
ឆ្លៀតឱកាសនោះដែរ លោកអគ្គនាយក បានឱ្យដឹងថា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ បានវិនិយោគប្រមាណ ១ពាន់លានអ៉ឺរ៉ូ លើទី១- វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី , វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាម ពល, ទី២- ដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស និងទី៣- សុំការតម្រង់ទិសអំពីសម្ដេចតេជោ ថាតើចង់ឲ្យ ភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តធ្វើអ្វីខ្លះទៀតនៅកម្ពុជា៕