ព័ត៌មានជាតិ

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ប្រារព្ធខួប៣០ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ​

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានដំណើរការនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ កាលពីល្ងាចថ្ងៃច័ន្ទទី២០កុម្ភៈ ​  ពិធីប្រារព្ធខួប៣០ឆ្នាំរបស់ AFD នៅកម្ពុជាត្រូវបានរៀបចំឡើងស្ថានទូតបារាំង ដោយមានការចូលរួម​ពី​តំណាងជាន់ខ្ពស់របស់រាជ​រដ្ឋាភិបាលកម្ពុជា និងស្ថាប័នដៃគូរបស់ទីភ្នាក់ងារ AFD ព្រមទាំងវត្តមានចូលរួមពីសំណាក់លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង លោក រ៉េមី រីយូ ​អគ្គនាយកទីភ្នាក់ងារ AFD និងលោកស្រី សង់ឌ្រីន ប៊ូសេ នាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា។ ឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈចំណងដ៏ស្អិតល្មួតរវាងបារាំង និងកម្ពុជា ពិធីខាងលើគឺជាឱកាសមួយនៃការពិនិត្យមើលសារជាថ្មីនូវជោគជ័យនានាដែលសម្រេចបានក្នុងអំឡុង៣០ឆ្នាំកន្លងមក និងសម្លឹងមើលទៅអនាគត។   

ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍ (AFD) គឺជាដៃគូប្រកបដោយទំនុកចិត្តរបស់កម្ពុជាចាប់តាំងពីការបើកដំណើរការសារ​ជាថ្មីរបស់ខ្លួន ហើយក្នុងអំឡុងពេល៣០ឆ្នាំ បានផ្តល់ហិរញ្ញប្បទានប្រមាណ៩០០លានអឺរ៉ូសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ ការការពារបរិស្ថាន និងជីវៈចម្រុះ ថាមពល ទឹក និងអនាម័យ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការគាំទ្ររយៈពេលវែងនេះបានជួយកែលម្អលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់​ដោយបច្ចុប្បន្នមានប្រជាពលរដ្ឋមួយលាននាក់នៅរាជធានីភ្នំពេញបានតភ្ជាប់បណ្តាញទឹកស្អាត ក៏ដូចជាលទ្ធភាពទទួលបានអគ្គិសនីនៅតាមបណ្តាខេត្តដាច់ស្រយាលនានា ដោយមានលំនៅដ្ឋានចំនួន១៦៥ ០០០ បានតភ្ជាប់បណ្តាញអគ្គិសនី។ ចាប់តាំងពីឆ្នាំ២០១៧ សកម្មភាពរបស់ទីភ្នាក់ងារ AFD បានកើនឡើងយ៉ាងលឿន ដោយការផ្តល់ហិញ្ញប្បទានមានការកើនឡើង៥០% បើធៀបទៅនឹងហិរញ្ញប្បទានផ្តល់ឱ្យក្រោយឆ្នាំ១៩៩៣។ ការផ្តល់ហិរញ្ញប្បទានថ្មីៗរបស់ក្រុមទីភ្នាក់ងារ​ AFD នឹងបន្តក្នុងឆ្នាំខាងមុខ ដោយមានទឹក​ប្រាក់១០០ទៅ១៥០លានអឺរ៉ូក្នុងមួយឆ្នាំ។ ដោយធ្វើការកៀរគររួមគ្នាជាមួយក្រុមអឺរ៉ុប (Team Europe) ទីភ្នាក់​ងារ AFD ចូលរួមយ៉ាងសកម្មក្នុងការគាំទ្ររបស់អឺរ៉ុបក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។  

ទីភ្នាក់ងារ AFD «ជាមួយដៃគូផ្សេងទៀត» នៅកម្ពុជា

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោក​ រ៉េមី រីយូ  អគ្គនាយកទីភ្នាក់ងារ AFD   បានជួបជាមួយ​តួអង្គសំខាន់ៗនៃកាអភិវឌ្ឍដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមទីភ្នាក់ងារ​ AFD ។ ក្រុមទីភ្នាក់ងារ​ AFD បំពេញការងារដោយជិតស្និទ្ធជាមួយក្រសួងជាច្រើន ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ដែលសម្របសម្រួលការផ្តល់ហិរញ្ញប្បទានផ្តល់ដោយទីភ្នាក់ងារ AFD ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍) ក៏ដូចជាសហគ្រាសសាធារណៈ(រួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អគ្គិសនីកម្ពុជា) ស្ថាប័នហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល។ តួអង្គ​ទាំងនេះសុទ្ធសឹងជាដៃគូប្រកបដោយទំនុកចិត្តដែល ក្រុមទីភ្នាក់ងារ​ AFD មានក្តីរីករាយក្នុងការជួយជ្រោមជ្រែងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។  ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក រីយូ ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ខួប៣០ឆ្នាំនៃដំណើរការរបស់ទីភ្នាក់ងារ AFD នៅកម្ពុជាត្រូវបានរៀបចំឡើងអមដោយព្រឹត្តិការណ៍ជាច្រើនដែលឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពដែលត្រូវបានធ្វើឡើងនៅកម្ពុជា រួមមានការបើកសម្ពោធពិព័រណ៍រូបថត «ទីភ្នាក់​ងារ AFD ៖ ៣០ឆ្នាំនៃសកម្មភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»​ ដែលត្រូវបានដាក់តាំងនៅលើជញ្ជាំងស្ថានទូតបារាំង។ ទន្ទឹមនឹងនេះដែរ ប្រិយមិត្តដែលបានចូលរួមអាចស្វែងយល់អំពីពិព័រណ៍រូបថតនៅក្នុងឧទ្យាននៃនិវេសនដ្ឋាន បញ្ជីមុខម្ហូបបង្កើតឡើងដោយមេចុងភៅនៃស្ថានទូតបារាំងដើម្បីលើកស្ទួយម៉ាកសម្គាល់​ទីតាំងភូមិសាស្រ្ត ស្តង់ចែកចាយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងពិព័រណ៍ស្តីពីគម្រោង​នានារបស់សាលាហ្វាពន្លឺសិល្បៈ។ 

រូបភាពផ្តល់ដោយស្ថានទូតបារាំងប្រចាំកម្ពុជា

ពិធីមួយ និងពេលវេលាសំខាន់បែឆ្ពោះទៅរកអនាគត 

ពិធីខាងលើបានបង្ហាញអំពីប្រធានបទនៃការផ្លាស់ប្តូរថាមពលប្រកបដោយភាពត្រឹមត្រូវនៅកម្ពុជា ជាពិសេសឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ រួមទាំងកិច្ចសហការថ្មីៗស្តីពីអភិបាលកិច្ចសាធារណៈស្តីពីអាកាសធាតុ និងការគាំពារសង្គមដែលមានលក្ខណៈសមស្រប។ ការប្រារព្ធខួបរបស់ទីភ្នាក់ងារ AFD គឺជាឱកាសបែឆ្ពោះទៅរកអនាគត និងយុវជន ដោយលើកតម្កើងសារសំខាន់នៃផែនទីគម្រោងស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ទីភ្នាក់ងារ AFD ធ្វើឡើងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាដៃគូសំខាន់របស់ក្រុមទីភ្នាក់ងារ​ AFD នៅកម្ពុជា។ ពិធីប្រារព្ធខួបនេះក៏ជាឱកាសនៃជំនួបជាមួយយុវជនស្ម័គ្រចិត្តអន្តរជាតិកម្ពុជា សម្រាប់ព្រឹត្តិការអូឡាំពិកប៉ារីស៍២០២៤​ផងដែរ។

ជាងនេះទៅទៀត ក្នុងអំឡុងព្រឹត្តិការណ៍ខាងលើ ក៏មានការប្រគល់វិញ្ញាបនប័ត្រ   MobiliseYourCity  ជូនដល់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។ បន្ថែមលើព្រឹត្តិការណ៍ទាំងពីរនេះ មានពិធីបើកការដ្ឋានខួងដាក់បំពង់ទឹក​ស្អាតក្រោមបាតទន្លេសាប​ដោយប្រើប្រាស់​ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច ក្នុងក្របខ័ណ្ឌគម្រោងបាក់ខែងដ៏ធំ​ ដែលផ្តល់សហហិរញ្ញប្បទានដោយ AFD  សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប ព្រមទាំងមានការរៀបចំសន្និសីទស្តីពីអភិបាលកិច្ចសាធារណៈស្តីពីអាកាស​ធាតុ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច  និងហិញ្ញវត្ថុ ការចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទានជាមួយបេឡាជាតិសន្តិសុខសង្គមស្តីពីការអនុវត្តគម្រោង ពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើភាពជាដៃគូរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគ្គិសនីកម្ពុជា និងសាកលវិទ្យាល័យ Grenoble Alpes ដើម្បីដាក់ឱ្យដំណើរការវេទិកាស្រាវជ្រាវសម្រាប់បម្លាស់ប្តូរថាមពល។ នៅទីបញ្ចប់ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់សកម្មភាពរបស់ Expertise France នៅកម្ពុជា ដែលបើកផ្លូវដល់ការពង្រីកសកម្មភាពរបស់ស្ថាប័នបុត្រសម្ព័ន្ធរបស់ AFD នៅកម្ពុជានេះ៕ 

To Top