ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។
ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់ កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។
បន្ទាប់ពីបានស្តាប់ការលើកឡើង អំពីបញ្ហារបស់សហគមន៍លោកបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយ ឆ្លើយតប ទៅនឹងបញ្ហា និងសំណើររបស់សហគមន៍។
បន្ថែមលើនេះលោកបណ្ឌិតក៏បានចែករំលែកជូនអំពីស្ថានភាពសេដ្ឋកិច្ចដែលរំខានពីការរីករាលដាលពីជំងឺកូវីដ-១៩ និងវិបត្តិពីបញ្ហាឣ៊ុយក្រែន-រុស្ស៊ី ដែលប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស និងស្ថានភាពការនាំ ចេញ ទំនិញផ្សេងៗ និងស្ថានភាពទីផ្សារស្វាយទៅកាន់ប្រទេសចិន។ ដោយឡែកចំពោះស្វាយចន្ទីក៏មានការគិតគូ និងសិក្សាពីគម្រោងបង្កើតឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីដើម្បីប្រមូលគ្រាប់ស្វាយចន្ទីក្នុងរដូវប្រមូលផលស្តុកទុក សម្រាប់បម្រើការនាំចេញ ហើយសន្ធិធិគ្រាប់ស្វាយចន្ទីក៏ឣាចនឹងយកធ្វើជាទ្រព្យធានាបំណុលបានផងដែរ។
លោកបណ្ឌិត កៅ ថាច ក៏បានជម្រាបអំពីកាលបរិច្ឆេទនៃការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយក៏បានអញ្ជើញឲ្យពួកគាត់ទៅចូលរួមបោះឆ្នោត ដើម្បីបន្តនិរន្តរ៍ភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍ អោយកាន់តែរីកចំរើនថែមទៀត។
សូមបញ្ជាក់ថា ក្នុងកម្មវិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកសហគមន៍ចំនួន ១០០នាក់ តំណាង១២ សហគមន៍កសិកម្ម ដែលមានសមាជិកសរុបចំនួន១៤៧០គ្រួសារ មានមុខរបរដាំដុះដំឡូងមី ដាំបន្លែ ស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំរួមផ្សំផ្សេង៕





