ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រុមប្រឆាំងជ្រុលនិយម នៅតែបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ក្រុមប្រឆាំងជ្រុលនិយម នៅតែបន្ដរិះរកគ្រប់វិធីបង្ក ឲ្យមានភាពចលាចល ក្នុងសង្គម ដើម្បីផ្ដួលរំលំ រាជរដ្ឋាភិបាល ដែលជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើ រដ្ឋធម្មនុញ្ញារបស់កម្ពុជា ។

នាឱកាសអញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃ២២ កុម្ភៈ សម្ដេច ស ខេង បានរៀបរាប់ពីបញ្ហាកើតឡើងនៅក្នុងតំបន់ និងពិភពលោកដូចជា ៖ បញ្ហាប្រឈមតានតឹង ប្រកបដោយហានិភ័យខ្ពស់ ដោយសារការប្រកួតប្រជែង របស់ប្រទេសមហាអំណាច ព្រមទាំងការផ្ទុះឡើងសង្គ្រាម រវាងរុស្ស៊ី-អ៊ុយក្រែន ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន និងឧបទ្វីបកូរ៉េជាដើម ដែលបានជះឥទ្ធិពលអវិជ្ជមានមកដល់កម្ពុជា ប៉ុន្តែស្របពេលកើតឡើង នូវបញ្ហាប្រឈមទាំងអស់នេះ ក៏មានក្រុមប្រឆាំង នៅតែបន្តធ្វើសកម្មភាព បង្កឲ្យមានភាពវឹកវរ ដល់កម្ពុជាផងដែរ។

ដោយសម្ដេចបញ្ជាក់ថា «ទន្ទឹមនឹងនេះ នៅផ្ទៃក្នុងប្រទេសក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានមួយចំនួន បានបន្ដខិតខំរកវិធីបន្ដបង្កឲ្យមានភាពចលាចល វឹកវរ ក្នុងសង្គម ដើម្បីបម្រើឧបាយករណ៍នយោបាយផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា»។

ចំពោះបញ្ហាប្រឈមនឹងវិបត្តិដូចខាងលើនេះ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេច ស ខេង បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទជាដើម។

ជាមួយគ្នានេះ សម្ដេចក៏បានលើកឡើងថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានការពារសុវត្ថិភាពទាំងស្រុងដល់អង្គព្រះមហាក្សត្រ និងសម្ដេចម៉ែ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់សម្តេច ស ខេង នេះក៏ស្របពេលលោក សម រង្ស៊ីដែលថ្នាក់ដឹកនាំកម្ពុជាចាត់ទុកជាជនឧទ្ទាមក្រៅច្បាប់ និងពូជក្បត់ជាតិ៣ជំនាន់នោះ បានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគ្រាព្រះអង្គបានចេញព្រះរាជសារ អំពាវនាវឲ្យប្រជារាស្ត្រទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

To Top