ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ៖ ប.ស.ស ផ្នែកប្រាក់សោធន ជាសមិទ្ធផលដ៏ជោគជ័យ របស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ ក្ដីស្រមៃរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែចង់ឱ្យកម្មករនិយោជិត ទទួលបានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីពេលចាប់ផ្ដើមមានទីផ្សារការងារដំបូង ដោយសង្ឃឹមថាបងប្អូន នៅពេលដែលចាស់ជរា នឹងមានធានារ៉ាប់រងពេញលេញ ហើយមកដល់ពេលនេះរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន របស់ ប.ស.ស. បានដាក់ឱ្យអនុវត្ត ប្រកបដោយជោគជ័យ ហើយជាសមិទ្ធផលជោគជ័យ របស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។

នេះជាប្រសាសន៍លើកឡើងរបស់  លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បន្ដទៀត ដោយស្នើដល់ភាគីនិយោជកជួយបន្ដបង់ភាគទានជូនកម្មករនិយោជិតរបស់ខ្លួន លើផ្នែកថែទាំសុខភាពនេះ ហើយមានតែនៅប្រទេសកម្ពុជាទេ ដែលនិយោជកចូលរួមបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពជូនកម្មករនិយោជិតរបស់ខ្លួន  ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាភាគីនិយោជក ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។

លោកបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ មកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការសាធារណៈ និងបងប្អូនកម្មករនិយោជិត បានទទួលអត្ថប្រយោជន៍លើរបបសន្ដិសុខសង្គមដូចគ្នាទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលនេះជាការអនុវត្តរបបសន្ដិសុខសង្គមប្រកបដោយភាពពេញលេញ និងមានសមធម៌សង្គម។

សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ជាច្រើនរូបព្រមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំបណ្ដាអង្គភាព ពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

To Top