ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញ ចុះសំណេះសំណាល ជាមួយសមាជិកសមាគមន៍ទុនរេនសំឡូត នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងនោះក៏មានវត្តមានលោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមជា អធិបតីភាពផងដែរ។
យកឱកាសនៃកិច្ចពិភាក្សានេះ លោកបណ្ឌិតបានជជែក និងពិភាក្សាជាមួយសមាជិក ក្នុងសហគមន៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា ក្នុងសហគមន៍ទុរេនសំឡូត។

បន្ថែមលើនេះលោកមបណ្ឌិត ក៏បានជូនជាទស្សនទានបន្ថែម ដល់សមាជិក មានវត្តមាននាឱកាសនោះថា បន្ថែមពីលើការដាំដំណាំទុរេន គួរគិតគូពីរបររួមផ្សំបន្ថែម មានដូចជា ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬgreen house តាមបែបកសិកម្មទំនើបដើម្បីទទួលបានគុណភាពតាមស្តង់ដារ និងទិន្នផលខ្ពស់ ដែលអាចបម្រើដល់ជីវភាពប្រចាំថ្ងៃផង និងក៏ឣាចបានផលចំណូលបន្ថែម ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ មួយវិញទៀត សហគមន៍គួរគិតគូពីការពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេន ឲ្យបានត្រឹមត្រូវ។

លោកថា ធនាគារ ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ធនាគារ ARDB ត្រៀមឥណទានសម្រាប់អ្នកមានតម្រូវការឥណទានប្រកបរបរកសិកម្ម។ លោកបណ្ឌិត លើកទឹកចិត្តដល់សមាជិកមានតម្រូវការឥណទាន អាចធ្វើការការទាក់ទងមក ធនាគារ ARDB បាន។

សូមបញ្ជាក់ថា សហគមន៍នេះមានសមាជិកចំនួន១២២ គ្រួសារ ក្នុងនោះ ៤៥% ជាស្រ្តី ហើយមានផ្ទៃដីដាំដុះប្រមាណជាង ៥៤៥ ហិកតា។ ទិន្នផលដែលផលិតបានអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអ្នកទេសចរណ៍ដែលមកកម្សាន្តក្នុងតំបន់៕


