ភ្នំពេញ៖ នៅក្នុងស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងបក្សនយោបាយជាច្រើនទៀត បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ក្នុងនោះបក្សនយោបាយ ដែលគេសម្លឹងឃើញថា ជាដៃគូប្រកួតប្រជែងយ៉ាងស្រួចស្រាល ជាមួយគណបក្សកាន់អំណាចនោះ គឺគណបក្សភ្លើងទៀន ដែលមិនទាន់ មានភាពច្បាស់លាស់ ក្នុងការដឹកនាំ។
ភាពមិនច្បាស់លាស់នោះ ត្រង់ថា បក្សនេះមិនទាន់មានក្បាលម៉ាស៊ីន ដឹកនាំត្រឹមត្រូវនៅឡើយនោះទេ ដោយគ្រាន់តែមានការតែងតាំង មន្រ្តីមួយចំនួន ដែលភាគច្រើនសុទ្ធតែមានប្រវត្តិ ស្និតជាមួយលោក សម រង្ស៊ី។ ការតែងតាំងក្រុមមន្រ្តី របស់បក្សភ្លើងទៀននេះ គឺជាផ្នែកមួយនៃហានិភ័យ សម្រាប់អនាគត ប្រសិនបើគេរកឃើញថា មានពាក់ព័ន្ធជាមួយ ក្រុមឧទ្ទាមដែលដឹកនាំដោយលោក សម រង្ស៊ី។
ងាកមក អតីតមេដឹកនាំបក្សប្រឆាំងមួយរូបទៀត គឺលោក កឹម សុខា ដែលកំពុងជាប់ក្ដី នៅក្នុងតុលាការ ក៏ជាផ្នែកមួយនៃគ្រោះថ្នាក់ផងដែរ ប្រសិនបើគណបក្សភ្លើងទៀន ហ៊ានយកមកដឹកនាំបក្សរបស់ខ្លួន។ នេះគឺជាការព្រមាន របស់អ្នកវិភាគ។
ការចេញព្រមាន ពីសំណាក់អ្នកវិភាគបែបនេះ បន្ទាប់ពីលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន នៅក្នុងបទសម្ភាសន៍ជាមួយសារព័តមាន The Cambodia Daily Khmer បានប្រកាសហៅ មេដឹកនាំ លោក កឹម សុខា ឱ្យទៅដឹកនាំ គណបក្សភ្លើងទៀន ប្រសិនបើតុលាការសម្រេចលើកលែង ការចោទប្រកាន់ និងមានការបើកលំហ សិទ្ធិសេរីភាព ពីសំណាក់រដ្ឋាភិបាល ឱ្យគាត់អាចវិលចូលរួម ក្នុងឆាក នយោបាយ ឡើងវិញ។
នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សយ សុភាព បានលើកឡើងនូវទស្សនៈអ្នកវិភាគថា «នេះគ្រាន់តែជាល្បិចកល ឱ្យលោក កឹម សុខា បន្តដេកនៅទួលគោក ឬត្រឡប់ទៅត្រពាំងថ្លុង វិញ?»។
អ្នកវិភាគធ្លាប់ បាននិយាយហើយថា លោក កឹម សុខា មិនទៅបង្រ្គប់ដៃជើង ឱ្យក្រុមភ្លើងទៀន ឡើយ សុខចិត្តបើកបក្សដាក់ឈ្មោះ «ភ្លើងធូកឬចង្កៀង» ប្រសើរជាងទៅធ្វើអ្នកជូតផ្ទះ។ បើមិនអញ្ជឹងទេ បក្សភ្លើងទៀន អាចនឹងឆេះរលាយ ដោយសារក្រុមជ្រុលនិយមក្បាលរឹង សម រង្ស៊ី ។ ទីនេះមិនមែនទឹកដី អាច្រូចទេកុំច្រឡំ។ បើមិនជឿ ត្រៀមរត់ចោលស្រុកទៀតឱ្យហើយទៅ។
អ្នកវិភាគបន្ថែមថា កុំឃើញ បៃ ដិន ហោះទៅជួបហ្សេលិនស្គី ហើយភ្លើងទៀនបក់ដៃហៅ កឹម សុខា។ ដាំចេក។ ទីចុងបំផុត អា១រលាយ អា១ត្រឡប់ ទៅដេកគុករហូត អវសាន្តនៃជីវិត។
អ្នកវិភាគបញ្ជាក់ថា «គេមិនទុកឱ្យអ្នកឯងវៃគេមុនទេ តែគេនឹងវាយកំទេចហើយកាត់ជើង អ្នកឯងទាំង២ ក្រវាត់ចោលជាមុន។ សូមព្រមានទុកជាមុន ឱ្យហើយកុំលេងអាល្បែង នេះឱ្យសោះ»។