SEA GAME

ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម កម្ពុជានឹងមានគម្រោងសន្សំសំចៃ ក្នុងការចំណាយ ឲ្យទាបជាងប្រទេសគេ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ កម្ពុជាដាក់ចេញគោលដៅ ក្នុងការសន្សំលើការចំណាយ ធ្វើយ៉ាងណាឲ្យទាបជាង ប្រទេសគេ ដែលបានរៀបចំនាពេលកន្លងមក ខណៈកម្ពុជា គ្រោងចំណាយប្រមាណ១២៤លានដុល្លារ ។

នៅសល់តែ៧១ថ្ងៃទៀត នឹងឈានចូលដល់ នូវមហាព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្រុមមន្រ្តីជាន់ខ្ពស់ ពាក់ព័ន្ធបានរៀបចំសន្និសីទ សារព័ត៌មានស្ដីពី “វឌ្ឍនភាពនៃការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡា អាស៊ានហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣” នៅព្រឹកថ្ងៃ២៣ កុម្ភៈនេះ ។ ក្នុងសន្និសីទនេះ លោក វ៉ាត់ ចំរើនបានតបទៅអ្នកសារព័ត៌មាន អំពីការចំណាយថវិកាលើគម្រោង នៃប្រកួតជាលក្ខណៈអន្តរជាតិស៊ីហ្គេមថា គឺអាចខ្ទង់ ៥០៥ប៊ីលានរៀល អាចស្មើនឹង១២៤លានដុល្លារ ឬប្រហាក់ប្រហែលនេះ ។

លោកថា “ជាគម្រោងរបស់យើង និងការសម្រេច របស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា គឺយើងសន្សំចៃលើគម្រោង ចំណាយឲ្យទាបជាងការ ប្រកួតនៅប្រទេសគេ” ។

ដោយលោករំលឹកថា ក្នុងពេលវៀតណាម ធ្វើជាម្ចាស់នៃការប្រកួតនេះ នាឆ្នាំ២០២២គឺចំណាយអស់១៤០លានដុល្លារ ខណៈឥណ្ឌូនេស៊ី ប្រមាណ៣០០លានដុល្លារ ។
លោកបន្តថា សម្រាប់ខ្ទង់ជាង១០០លានដុល្លារដែលកម្ពុជា គ្រោងចំណាយនេះ មិនមែនតែសម្រាប់កីឡាស៊ីហ្គេមមួយមុខនោះទេ គឺមានទាំងប៉ារ៉ាហ្គេមផងដែរ ក្នុងនោះចាយលើស៊ីហ្គេមប្រហែល១០០លានដុល្លារ និងប៉ារ៉ាហ្គេមអាច ខ្ទង់ចន្លោះ២០លានដុល្លារ ហើយបើធៀបនឹងប្រទេសគេ គឺកម្ពុជាក្រោមគេ ។

ចំពោះគម្រោងចំណូលវិញលោកថា អាចទទួលបានមកវិញប្រហែល១០លានដុល្លារប៉ុណ្ណោះ ។ សម្រាប់អត្ថប្រយោជន៍ដែលកម្ពុជាទទួលវិញ គឺជាឱកាសលក់ម្ចាស់ផ្ទះទៅកាន់ពិភពលោកឲ្យស្គាល់ ព្រោះសព្វថ្ងៃពិភពលោកកំពុង ផ្តោតអារម្មណ៍មកកម្ពុជា ដោយសារមានសាព័ត៌មានអន្តរជាតិធំៗ ក្នុងពិភពលោកកំពុងធ្វើការ ផ្សព្វផ្សាយពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានឲ្យដឹងដែរថា គម្រោងចំណាយក្នុងមួយថ្ងៃនៃការប្រកួតជាមធ្យមអាចពី១០ទៅ១៥ម៉ឺនដុល្លារ ក្នុងរយៈពេលនៃការប្រកួតជិត១ខែ ។

កម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍កាលពីឆ្នាំ២០១៣ ហើយកាលពីវៀតណាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលើកទី៣១ នាឆ្នាំ២០២២ កម្ពុជាបានទទួលមេដាយចំនួន៦៣ ។ សម្រាប់ឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម៕

To Top