ព័ត៌មានជាតិ

តារាចម្រៀងស្រីល្បីឈ្មោះជប៉ុន ប្ដេជ្ញាជំរុញ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឲ្យកាន់តែខ្លាំងឡើងថែមទៀត

ភ្នំពេញ ៖ លោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន និងជាម្ចាស់បទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលធ្លាប់មកបំពេញ ទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូងកាលពីអំឡុងឆ្នាំ១៩៨៩ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា លោកស្រីនឹងប្រឹងប្រែង ធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ។

ក្នុងឱកាស ចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ នាថ្ងៃ២៣ កុម្ភៈនេះ លោកស្រី មីណាមីណុ បានលើកឡើងថា លោកស្រីធ្លាប់មកកម្ពុជា កាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលសន្តានដោយចិត្តដ៏ប្រពៃរបស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្ដីជាទីបំផុត ដែលធ្វើឲ្យបេះដូងរបស់លោកស្រី ដក់ជាប់នៅកម្ពុជា ហើយបាននិពន្ធ និងច្រៀងបទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជាការអធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់។

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រី មីណាមីណូថា “ នឹងទៅជួបកុមារា កុមារីកំព្រា ដែលលោកស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ហើយក្នុងនាមជាអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន លោកស្រី នឹងប្រឹងប្រែងធ្វើយ៉ាងណា ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត» ។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណលោកស្រី មីណាមីណូ ដែលបាននិពន្ធ និងសំដែង បទចម្រៀង «ឥន្ធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជា ពីអតីតកាល ។

សូមជំរាបជូនថា លោកស្រី មីណាមីណូ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ ចំពោះបទចំរៀង «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» បានរំលេចនូវពាក្យ «គីហ្សូណា និងត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយការគាំទ្ររបស់ជប៉ុន និងមានន័យថា «ចំណងមិត្តភាព និងស្លាប» ដើម្បីជាកាដូចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងឱកាសខួបលើកទី៧០នេះ។ ភាគីជប៉ុន បានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចំរៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» នេះ នៅកម្ពុជា បន្ទាប់ពីពិធីប្រគល់-ទទួលបទចំរៀងនេះ កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដែលមានចំនួនអ្នកចូលទស្សនាប្រមាណជាង៣០ម៉ឺនដង ក្នុងហ្វេសបុករបស់សម្តេចតេជោ និងស្ថានទូតជប៉ុន ៕

To Top