ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចការសាងសង់បានជាង ៥៦%

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង ៥៦%ហើយ។

នាឱកាសចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង។ គិតមកទល់បច្ចុប្បន្ន គម្រោងការងារសម្រេចការសាងសង់បានជាង ៥៦%ហើយ»។

ឆ្លៀតក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី បានដាស់តឿនជាថ្មីម្តងទៀតដល់អ្នកបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវធម្មតាឡើយ ព្រោះជាការបំពានច្បាប់ចរាចរណ៍ និងជាទង្វើប្រមាថអាយុជីវិតខ្លួន និងអ្នកដទៃជាខ្លាំង។ លោកទេសរដ្ឋមន្រ្តី បានទទូចដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា។

ក្នុងដំណើរបំពេញបេសកកម្មនាឱកាសនេះ ក្រសួងក៏បានធ្វើតេស្តគុណភាព កម្រាសស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយ ឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវ តាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕

To Top