ព័ត៌មានជាតិ

ក្រោយស្លាប់ម្នាក់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ប្រកាសថា ជំងឺផ្ដាសាយបក្សី បន្ដគំរាមសុខភាពប្រជាជនខ្មែរ

ភ្នំពេញ ៖ ហាក់ស្ងប់ស្ងាត់មួយ រយៈកាលដ៏យូរអំពីជំងឺផ្តាសាយបក្សីមក ជំងឺនេះបានសម្លាប់ក្មេងស្រីម្នាក់នៅខេត្តព្រៃវែងកាលពីថ្ងៃ២២ កុម្ភៈ ក្រោយស្លាប់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសថា ជំងឺផ្ដាសាយបក្សីH5N1 នៅបន្ដគំរាមកំហែងដល់សុខភាពប្រជាជនខ្មែរ និងកើតមានច្រើនលើកុមារ ដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។

ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី បែបនេះបន្ទាប់ ពីមានករណី ជំងឺផ្តាសាយបក្សីចំនួន ១ករណី ដែលត្រូវបានអះអាង បញ្ជាក់ដោយវិទ្យាស្ថានជាតិ សុខភាពសាធារណៈថា មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) លើកុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ មានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

ករណីកុមារីដែលបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៧ ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី១ ដែលបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែកុម្ភៈ ។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ បានថ្លែងថា «ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារ ដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន»។

លោករដ្ឋមន្ដ្រី បន្ដថា ជានិច្ចកាល កុមារតែងតែមានការលេង និងឲ្យចំណីបសុបក្សីក្នុងស្រុក ឬជួយបោសសម្អាតទ្រុង និងប្រមូលស៊ុតមាន់-ទា ។ ជាងនេះទៅទៀត កុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សី ដោយសារពួកគេចាត់ទុកវា ដូចជាសត្វដែលចិញ្ចឹម និងលេងជាមួយសត្វ ដូច្នេះ ពួកគេ មានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេង ដែលកន្លែងលេងនោះ ក៏មាន បសុបក្សីដែរ។

លោករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វ បសុបក្សីរស់ ឬឈឺ ឬងាប់ និងព្យាយាមឲ្យកុមារលេងឲ្យឆ្ងាយពីសត្វទាំងនោះ។ ឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវប្រាកដថា កុមារលាងដៃជាមួយសាប៊ូនឹងទឹកស្អាត មុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី៕

To Top