ព័ត៌មានជាតិ

អ្នកជំនាញ បារម្ភករណីកេង ប្រវ័ញ្ចផ្លូវភេទលើកុមារ ខណៈសន្ទុះកុមារតូចៗ ប្រើអ៊ីនធឺណេតកើនឡើង

ភ្នំពេញ ៖ បច្ចប្បន្ននេះ ដោយសារតែការរីកចម្រើនខ្លាំង នៃបច្ចេកវិទ្យា បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណេត កើនឡើងយ៉ាងលឿនគួរឲ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មានម្នាក់ទៅហើយ ជាកុមារបានប្រើប្រាស់ប្រព័ន្ធទំនើបមួយ ដែលពិតជាផ្តល់ហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយខ្លះ អាចនឹងក្លាយទៅជាជនល្មើស ឬអ្នកប្រព្រឹត្តបទល្មើសថែមទៀតផង។

នេះបើតាមលោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា រាជធានីភ្នំពេញ ក្នុងបទបង្ហាញស្តីពីការពង្រឹង យន្តការរាយការណ៍ និងឆ្លើយតបករណី នៃការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំង លទ្ធផលអនុវត្តការងារឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃ២៤ កុម្ភៈ។

ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងបទបង្ហាញនេះ បានលើកឡើងថា ទន្ទឹមនឹងការរីកចម្រើន នៃបច្ចេកវិទ្យានាពេលបច្ចប្បន្ននេះ អ្នកប្រើប្រាស់អ៊ីនធឺណេត ជាកុមារ កំពុងតែមានការកើនឡើងយ៉ាងលឿនគួរឲ្យកត់សម្គាល់ ក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់គឺជាកុមារ។ ប្រព័ន្ធអ៊ីនធឺណេត មិនត្រឹមតែជាទីកន្លែងដែលកុមារ អាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ត និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ ។ នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ ឬមិនទាន់ចេះប្រើប្រាស់បានត្រឹមត្រូវ។ កុមារខ្លះ ខណៈគ្មានឪពុកម្តាយ អាណាព្យាបាល ឬ អ្នកថែរក្សានៅតាមមើល ឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារហ៊ានប្រព្រឹត្តដោយប្រថុយប្រថាន តាមអនឡាញ។

ឧទាហរណ៍ កុមារ ហ៊ានផ្ញើសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វិដេអូរួមភេទទៅឲ្យមិត្តភក្តិ ឬនរណាម្នាក់។ ពេលខ្លះរូបភាព ឬវិដេអូទាំងនោះ ត្រូវបានគេចែកចាយបន្តទៀតច្រើនដង ដែលត្រូវបានគេប្រើប្រាស់ ឬបកស្រាយខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ ពេលខ្លះកុមារអាចក្លាយទៅជាជនល្មើស ឬអ្នកប្រព្រឹត្តបទល្មើសដែលអាចប្រឈមមុខចំពោះមុខច្បាប់ទៀតផង។

ក្នុងបទបង្ហាញនោះ ក៏បានពិភាក្សាស្វែងយល់អំពី ឥរិយាបថកុមារនៅលើប្រព័ន្ធអ៊ីនធឺណេត យល់ដឹងពីហានិភ័យនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញ ការរុកគួនឆាឆៅតាមអនឡាញ និងមធ្យោបាយនានា ដើម្បីស្វែងរកជំនួយ និងការគាំទ្រនៅពេលកូនៗរបស់អ្នកកំពុងប្រឈមមុខនឹងកង្វល់ នៅតាមប្រព័ន្ធអ៊ីនធឺណេត។

លោកស្រី កែវ សុខពិសី បានលើកឡើងថា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារ យ៉ាងល្អ ។ លោកស្រី គាំទ្រចំពោះផែនការសកម្មភាពការងារទិសដៅ សម្រាប់ការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការនេះ ដោយលោកស្រីបញ្ជាក់ថា គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ បានរួមចំណែកជាច្រើន ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយ ធ្វើយ៉ាងណាឲ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ក្នុងនោះដែរ លោក ម៉ប់ សារិន បានលើកឡើងថា សម្រាប់ឆ្នាំ២០២២កន្លងមកនេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារ ល្អប្រសើរ ហើយអ្វីដែលត្រូវបន្តការងារនេះ គឺយើងត្រូវនាំគ្នាពិនិត្យ វាយតម្លៃ ប្រមូលទិន្នន័យរួម ដើម្បីដាក់ទិសដៅការងារ ក្នុងឆ្នាំ២០២៣ អោយកាន់តែល្អប្រសើរថែមទៀត ពិសេសការពង្រឹងតួនាទីស្ត្រី ព្រោះស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ ។ ត្រូវបណ្តុះបណ្តាលស្ត្រី ដែលក្រីក្រនិងងាយរងគ្រោះ ដើម្បីអោយពួកគាត់រកចំណូលចិញ្ចឹមជីវិតបាន កាត់បន្ថយបាននូវភាពក្រីក្រ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

To Top