កំពង់ចាម ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកកម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា និងចាប់ផ្តើមសាង់សង់ នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ។
លោករដ្ឋលេខាធិការ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំដោះស្រាយការងារផលប៉ះពាល់ នៃ គម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ខាងលើ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងភាគីក្រុមហ៊ុនសាងសង់ និងមន្ត្រី អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត ។
ទាក់ទិនទៅនឹងគម្រោងសាងសង់ផ្លូវខាងលើនេះ បើតាមការសិក្សារបស់ក្រុមហ៊ុន CRBC ឃើញថា ចំណុចដែលមានផលប៉ះពាល់ស្មុគស្មាញខ្លាំង មាន ៤ តំបន់ ៖
ទី១ ៖ ស្ថិតនៅក្នុងទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដែលមានទំហំដោះស្រាយផលប៉ះពាល់បន្តុំគ្នាច្រើន និងមាន ភាពស្មុគស្មាញខ្លាំង។
ទី២ ៖ស្ថិតក្នុងស្រុកព្រៃឈ រជុំវិញចំណុចប្រសព្វ និងផ្លូវលេខ ៦០ ។
ទី៣ ៖ ស្ថិតក្នុងស្រុកកំពង់សៀម ដែលមានទំហំដោះស្រាយផលប៉ះពាល់បន្តុំគ្នាច្រើន និងមានភាពស្មុគស្មាញខ្លាំង។
ទី៤ ៖ ស្ថិតក្នុងក្រុងកំពង់ចាម ដែលមានទំហំដោះស្រាយផលប៉ះពាល់បន្តុំគ្នាច្រើន និងមានភាពស្មុគស្មាញខ្លាំង។
តំណាងក្រុមហ៊ុន CRBC ឲ្យដឹងទៀតថា គម្រោងផ្លូវជាតិលេខ៧ ជាគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវ ពី២គន្លងទៅ ៤គន្លង ដែលបច្ចុប្បន្ននេះ គម្រោងកំពុងស្ថិតក្នុងដំណាក់កាលត្រៀម និងរៀបចំ ដោយគម្រោង នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ ។ ការងារដោះស្រាយផលប៉ះពាល់ និងការងាររៀបចំផ្សេងៗ ទៀតគឺជាកត្តាសំខាន់ដែលកំណត់ ថាតើក្រុមហ៊ុន អាចចាប់ផ្ដើមសាងសង់តាមការគ្រោងទុក និងអនុវត្តការងារ ក្នុងទ្រង់ទ្រាយធំដែរឬទេ ។ យោងតាមស្ថានភាពទីប្រជុំជន តាមខ្សែផ្លូវនៃគម្រោង គឺមានភាពបណ្ដុំគ្នាច្រើន និងស្មុគស្មាញខ្លាំង ជាកត្តាចម្បង ដែលជះឥទ្ធិពលដល់ផែនការវឌ្ឍនភាព ទាំងមូលរបស់គម្រោង ។ ដូច្នេះដើម្បីធានាការសាងសង់ដោយរលូន ទៅតាមផែនការគ្រោងទុក ក្រោយរដូវវស្សា ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ សូមថ្នាក់ដឹកនាំមេត្តាជួយសម្របសម្រួល និងជំរុញការងារប្រកបបានជោគជ័យ ដើម្បីសាងសង់គម្រោងផ្លូវជាតិលេខ ៧ ប្រកបតាមស្តង់ដារ និងគុណភាពខ្ពស់ ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានធ្វើបទបង្ហញយ៉ាងលម្អិត ដល់មន្ត្រីពាក់ព័ន្ធ អំពីការងារដោះស្រាយផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤ គន្លងប្រវែង សរុប ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីស្សូណា ខេត្តកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីឆ្លើយតបទៅនឹងអនុក្រឹត្យលេខ ៨៧ អនក្រ.បក ស្ដីពីក្រមសីលធម៌មន្ត្រីមានសមត្ថកិច្ច ក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រង គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ
ផងដែរ ៕