នយោបាយ

អ្នកនយោបាយវ័យក្មេង ៖ រ៉ុង ឈុន ដើរតួជំនួស សម រង្ស៊ី ធ្វើយ៉ាងណាកុំឲ្យ លោក កឹម សុខា មានសេរីភាព

ភ្នំពេញ៖ អ្នកនយោបាយវ័យក្មេង លោក យឹម ស៊ីណន អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នស្ថិតក្នុងប៉ូលលោក កឹម សុខា) បានចាត់ទុកការប្រកាសរបស់លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ធ្វើឡើងដើម្បីទប់ស្កាត់ មិនឲ្យតុលាការ ដោះលែងលោក កឹម សុខា តែប៉ុណ្ណោះ។

ការលើកឡើង របស់អ្នកនយោបាយវ័យក្មេងរូបនេះ ធ្វើឡើងបន្ទាប់ពី លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន នៅក្នុងបទសម្ភាសន៍ជាមួយសារព័តមាន The Cambodia Daily Khmer បានប្រកាសអញ្ជើញ លោក កឹម សុខា ឱ្យទៅដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើតុលាការសម្រេចលើកលែង ការចោទប្រកាន់ និងមានការបើកលំហ សិទ្ធិសេរីភាព ពីសំណាក់រដ្ឋាភិបាល ឱ្យគាត់អាចវិលចូលរួម ក្នុងឆាក នយោបាយ ឡើងវិញ។នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក យឹម ស៊ីណន បានលើកឡើងចោទជាសំនួរថា «មិនខ្លាចបាប​ ឬខ្មាស់បាបខ្លះទេឬ?»។

លោកថា ចម្រៀងដដែលៗ នៃក្រុមអ្នកនយោបាយទុច្ចរិត គឺធ្វើឡើងដើម្បីទប់ស្កាត់ មិនឲ្យគេដោះលែងលោក កឹម សុខា តែប៉ុណ្ណោះ។ រាប់ចាប់តាំងពីការបង្កើតការភ្នាល់គ្នា លើសេរីភាព និងការបង្កើតសេណារីយ៉ូ បំភ័យមិនឲ្យគេដោះលែង លោក កឹម សុខា ក្នុងគោលដៅតែមួយគត់ គឺកម្ចាត់ជីវិតនយោបាយរបស់គាត់។

លោក យឹម ស៊ីណន គួសបញ្ជាក់ថា  «ដូច្នេះចម្រៀងដែលលោក រ៉ុង ឈុន ច្រៀង “ចង់អញ្ជើញលោក កឹម សុខា ឲ្យទៅដឹកនាំបក្សភ្លើងទៀន” គ្រាន់តែដូរទំនុកភ្លេង និងច្រៀងជំនួសលោកសម រង្ស៊ី តែប៉ុណ្ណោះ ប៉ុន្តែខ្លឹមសារសំខាន់បង្កប់ ក្នុងចម្រៀងនេះគឺ ធ្វើយ៉ាងណាក៏ដោយកុំឲ្យ លោក កឹម សុខា មានសេរីភាព»។

សូមរំលឹកថា បើគ្មានអ្វីប្រែប្រួល សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រម សំណុំរឿងលោក កឹម សុខា នៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខ៕

To Top