ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ពិនិត្យមើលអំពី ភូមិសាស្ត្រនយោបាយ បញ្ហាតំបន់ ការទូតសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងជាន់ខ្ពស់ពីស្ថាប័នជាតិពាក់ព័ន្ធ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងថា គោលបំណងនៃសន្និបាតនេះគឺ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់គោលនយោបាយការបរទេសឯករាជ្យ និងផ្អែកតាមច្បាប់។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សា រយៈពេលពីរថ្ងៃដំបូង លើប្រធានបទស្តីពី ការប្រែប្រួលភូមិសាស្ត្រនយោបាយសកល ការវិវត្តនៃបញ្ហាក្នុងតំបន់ដែលជាផលប្រយោជន៍ និងក្តីបារម្ភរបស់កម្ពុជា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ក៏ដូចជាការបន្តធ្វើកំណែទម្រង់ស្ថាប័ន ជាដើម។

លើសពីនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត ដែលនឹងរៀបចំជាលក្ខណៈផ្ទៃក្នុង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តល់គោលការណ៍ណែនាំ និងទិសដៅគោលនយោបាយ ដល់មន្រ្តីការទូតកម្ពុជាទាំងអស់ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព និងសន្តិភាព ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ៕

To Top