ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើនបន្ថែមទៀតនូវ វត្តមានធុរកិច្ចជប៉ុននៅកម្ពុជា និងជំរុញឱ្យដំណើរការឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ។

ការឯកភាពគ្នាបែបនេះ ធ្វើឡេីងក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។
ក្នុងជំនួបនោះដែរ លោក អ៊ុច បូររិទ្ធ និងលោក តាកេ ហ្ស៊ឺនសឹកិ បានសម្តែងការពេញចិត្តចំពោះកំណត់ត្រា ដ៏ល្អប្រសើរនៃចំណងទាក់ទងទ្វេភាគី រួមទាំង ភាពជាដៃគូ ទ្វេភាគីដែលត្រូវបានលើកកម្ពស់ បន្ថែមទៀតទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តសាជាថ្មី ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលកំពុងលូតលាស់រវាងប្រទេសទាំងពីរ ។

ភាគីទាំងពីរ បានពិភាក្សាអំពីវិធី និងមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហការ នៅក្នុងវិស័យ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិនិង សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យដោះមីន ។ ភាគីទាំងពីរ បានកត់សម្គាល់ ដោយការពេញចិត្តចំពោះការរីកលូតលាស់នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ រួមទាំងការចូលចតនាវាជើងទឹកតាមកំពង់ផែ។
តាមសំណើរបស់ភាគីកម្ពុជា លោករដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានបញ្ជាក់ជាថ្មីពីការបន្តការគាំទ្រ របស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍធនធានមនុស្ស ដំណើរការឡើងវិញនូវកម្មវិធី ស្តីពីការយល់ដឹងអំពីដំណើរ ការប្រជាធិបតេយ្យពហុបក្ស សម្រាប់អ្នកនយោបាយកម្ពុជាវ័យក្មេង ប្រតិបត្តិការបោសសម្អាតមីន ព្រមទាំង ការបញ្ជូនអាជ្ញាកណ្តាលចំនួន ៤០ រូប មកជួយកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ នៅខែឧសភា ខាងមុនេះ ផងដែរ។

រដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រថ្លៃថ្លា និងជំនួយដ៏សប្បុរស ដើម្បីជួយដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា រួមទាំងជំនួយ សម្រាប់ការឆ្លើយតប ទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបានស្វាគមន៍ ចំពោះការពិចារណា របស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្ត្រ និងបណ្តាញលូ ក្នុងរាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាតិនៅក្នុងខែកក្កដា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយដែលឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាតំបន់ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ត្រីភាគីក្នុងវិស័យដោះមីនស៊ីវិល ក្នុងគោលបំណងមនុស្សធម៌ ។

បន្ទាប់ពីជំនួបពិភាក្សាការងារ រដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ និងលោករដ្ឋលេខាធិការ តាកេ ហ្ស៊ឺនសឹកិ បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក)
ដើម្បីអនុវត្តគម្រោងពង្រីក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ លិខិតប្ដូរសារនេះ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារមុន ដែលបានចុះហត្ថលេខា រួច កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២៕
