ព័ត៌មានជាតិ

សិស្សប៊ែលធីថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣,១៣២នាក់ ទទួលសញ្ញាបត្រ មធ្យមសិក្សា បឋមភូមិប៊ែលធី

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សា បឋមភូមិ ជូនដល់សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ ឆ្នាំសិក្សា២០២១-២០២២ ចំនួន ៣,១៣២នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង ២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៣០២នាក់ (នារី ៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,១៨៥នាក់ (នារី ២៧,៥៦៨នាក់) ។

ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី៩ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចំនួន ៣,១៥៥នាក់ (បីពាន់មួយរយហាសិបប្រាំនាក់) ក្នុងនោះ ជាប់ ៣,១៣២នាក់ (បីពាន់ មួយរយសាមសិបពីរនាក់) ស្មើនឹង ៩៩.២៧%។ ដោយសិស្សមានចំនួនច្រើន ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នេះ ត្រូវបានរៀបចំជា២លើក គឺលើកទី១ ចំនួន ១,៥២៥នាក់ មកពី ១០សាខា និង លើកទី២ ចំនួន ១,៦០៧នាក់ មកពី ១២សាខា នឹងធ្វើនៅថ្ងៃទី១៨ មីនា ២០២៣ ខាងមុខ។
ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិទាំងអស់នឹងទទួលបានសញ្ញាបត្រពីរ ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំ យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និង សង្គមជាតិ រហូតទទួលបានជោគជ័យ ប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ ។ លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ បន្តការសិក្សារៀនសូត្របន្ថែមទៀត នៅថ្នាក់ទី១០ ១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅ សិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានគ្រប់ៗគ្នា ។

ទន្ទឹមគ្នានេះដែរ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា អ្នកអាណាព្យាបាលទាំងអស់ ដែលតែងតែគាំទ្រ និងបញ្ជូនបុត្រធីតា របស់ខ្លួនមកសិក្សា នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិ ។

ជាទីបញ្ចប់ លោកបណ្ឌិត និង លោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់ សិស្សជ័យលាភីទាំង ១,៥២៥នាក់ នាពេលនោះផងដែរ ។

-ឆមាសទី២ ថ្នាក់ចំណេះទូទៅ ចូលរៀនចាប់ពីថ្ងៃនេះតទៅ!
-វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេស ចូលរៀនថ្ងៃទី២៧ កុម្ភៈ នេះតទៅ!

To Top