នៅថ្ងៃទី២៤ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping បានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុនៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការស្វាគមន៍ ចំពោះព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ដែលបានយាងមកទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព ។ លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈរួម សហការជាមួយកម្ពុជា ដើម្បីកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ពេជ្រប្រាំមួយជ្រុង” គាំទ្រកម្ពុជា ក្នុងការកសាង“របៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “របៀងស្រូវអង្ករនិងត្រី ” ក៏ដូចជាពន្លឿនការកសាង សហគមន៍រួមវាសនាចិន-កម្ពុជា ។ ភាគីចិននឹងបន្តគាំទ្រដល់ការងាររបស់ “ក្រុមការងាររបស់ព្រះមហាក្សត្រ” ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប ព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុបានថ្លែងអំណរគុណ ចំពោះប្រទេសចិន ដែលតែងតែផ្តល់ជំនួយ និងការគាំទ្រដល់កម្ពុជា ក្នុងរយៈពេលយូរមក ។ ភាគីកម្ពុជាមានឆន្ទៈរួមសហការជាមួយភាគីចិន ដោយចាត់ទុកខួបទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា និងចិន ជាឱកាសដើម្បីធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ក្នុងន័យជំរុញឱ្យទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងកម្ពុជានិងចិនបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់ ៕