ព័ត៌មានជាតិ

ទីប្រឹក្សាសម្ដេចហេងសំរិន ៖ និស្សិតកាន់តែមាន ឱកាសការងារច្រើន បន្ទាប់ពីសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមចុះ MoU ជាមួយនឹងក្រុមហ៊ុន ៣ បន្ថែមទៀត

កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន និងជាសកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បានថ្លែងថា បន្ទាប់ពីសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ចុះ MoU ជាមួយនឹងក្រុមហ៊ុន ៣ ទៀត និស្សិត និងមានឱកាសកាន់តែច្រើន ក្នុងការជ្រើសរើសការងារ ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។

លោក មួន វាសនា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ២៦ ខែគុម្ភ: ឆ្នាំ២០២៣ ក្នុងពិធីចុះ MoU ជាមួយ ក្រុមហ៊ុន ៣ បន្ថែមទៀត នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ។

លោក មួន វាសនា បានបញ្ជាក់ថា កន្លងមកសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម បានសហការជាមួយនឹងក្រុមហ៊ុន និងអង្គការ ជាច្រើន ដើម្បីផ្ដល់ឱកាសការងារដល់និស្សិត កំពុងសិក្សា និងបញ្ចប់ការសិក្សា ។រហូតមកដល់ថ្ងៃនេះ សាកលវិទ្យាល័យ UME ខេត្តកំពង់ចាម បានចាប់ដៃគូជាមួយក្រុមហ៊ុន ៣ ទៀត ដើម្បីបង្កើនឱកាស ឱ្យនិស្សិតបានសិក្សាស្រាវជ្រាវ ឈានទៅចាប់យកការងារ ទៅតាមចំណេះជំនាញរបស់ខ្លួនកាន់តែសម្បូរបែប ។

លោកបន្តថា ក្រុមហ៊ុនដែលបានចុះ MoU ជាមួយគ្នានាពេលនេះ មាន ក្រុមហ៊ុន VSTL Travel & Tour និង ក្រុមហ៊ុន S M A Accountng ជំនាញរៀបចំបញ្ជីគណនេយ្យ និងប្រកាសពន្ធ និង ក្រុមហ៊ុន WESTERN MANAGEMENT CONSULTING ជួយពង្រឹងសមត្ថភាពដល់និស្សិត ក្នុងការដាក់ពាក្យរកការងារដែលទទួលបានបៀវត្សខ្ពស់ ។

លោក មួន វាសនា បានរំលឹកថា កាលពីរសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រវាង សាកលវិទ្យាធិការង UME ខេត្តកំពង់ចាម និងមជ្ឈមណ្ឌលធនធាន ព័ត៌មានអាមេរិក (American Corner) បានចុះអនុសារណៈ យោគយល់គ្នា ដំនាក់កាលទី៤ រយះពេល ៣ឆ្នាំ បន្តទៀតពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ដើម្បីផ្តល់ឱកាស ដល់សិស្ស និស្សិតទាំងអស់ ទូទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អាចចូលសិក្សាភាសាអង់គ្លេស ស្រាវជ្រាវ តាមរយៈកុំព្យូទ័រ, អ៊ិនធឺណិត, និងមានសៀវភៅជាច្រើនប្រភេទ ដើម្បីសិក្សាស្វែងយល់ បានជាច្រើនមុខវិជ្ជា ល្អៗ តាមតម្រូវការ អាចពង្រីកការយល់ដឹងអោយកាន់តែទូលំទូលាយបន្ថែមទៀត ដែលផ្តល់ជូនដោយសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកកាំងប្រចាំកម្ពុជា ៕

To Top