ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអំពាវនាវឲ្យដៃគូនានា បន្ដផ្ដល់អត្រាការប្រាក់សម្បទាន ទោះបីប្រទេសកម្ពុជា ចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខនេះក៏ដោយ។ ខណៈកន្លងមក មុនពេលជិតផុតពីប្រទេសអភិវឌ្ឍន៍តិចតួច សម្តេចក៏បានថ្លែងការរំលឹកទៅមិត្តជប៉ុន កូរ៉េខាងត្បូង ចិន និងធនាគារអភិវឌ្ឍអាស៊ី ឲ្យគិតគូរអំពីរឿងនេះផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃ២៧ កុម្ភៈ សម្ដេចតេជោបានថ្លែងថា នៅមិនយូរទៀតទេ កម្ពុជានឹងចាកចេញពីប្រទេសមាន ចំណូលមធ្យមកម្រិតទាប ហើយកម្ពុជា នឹងបាត់បង់ការទទួលបាន អត្រាការប្រាក់អនុគ្រោះ ពីកម្ចីអង្គការអភិវឌ្ឍន៍។
សម្ដេចតេជោបញ្ជាក់ថា «ឥឡូវមិនយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដែលខ្ញុំកំពុងបារម្ភទៅវិញទេ ។ ហេតុអ្វីត្រូវបារម្ភ កាលណាយើងចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច យើងទៅខ្ចីលុយគេ គេលែងឲ្យយើងខ្ចីតាមអត្រា ការប្រាក់សម្បទានហើយ គេឲ្យយើង ខ្ចីលុយតាមអត្រាការប្រាក់ពាណិជ្ជកម្ម។ បើអ្នកឯងក្រ អាហ្នឹង គឺគេឲ្យអត្រាការប្រាក់សម្បទាន»។
សម្ដេចតេជោឲ្យដឹងទៀតថា កម្ពុជា នឹងបន្តស្នើឲ្យមានការអនុគ្រោះដល់កម្ពុជា ខណៈនាពេលកន្លងទៅ សម្ដេចក៏បានធ្លាប់ប្រាប់មិត្ត ជប៉ុន កូរ៉េខាងត្បូង ចិន និងធនាគារអភិវឌ្ឍអាស៊ី ឲ្យបន្ដនូវការផ្ដល់អត្រាការប្រាក់សម្បទាន។
សម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «ចឹងកាលពេលមុន កម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខ្ញុំបានប្រាប់គេថា ទោះបីយើងខ្ញុំ ចូលទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប ក៏សូមមេត្តាផ្ដល់ការអនុគ្រោះឲ្យយើងខ្ញុំ អំពីបញ្ហាអត្រាការប្រាក់សម្បទាន។ ខ្ញុំ និយាយជាមួយ ជប៉ុន កូរ៉េខាងត្បូង ជាមួយចិន ជាមួយនឹងធនាគារអភិវឌ្ឍអាស៊ី សូមឲ្យបន្ដនូវការផ្ដល់អត្រាការប្រាក់សម្បទាន។ ឥឡូវនៅពេលខាងមុខ មិនយូរប៉ុន្មានទេ ប្រទេសកម្ពុជាចាក់ចេញពីប្រទេសអភិវឌ្ឍតិចតួច អីចឹងយើងនៅតែអំពាវនាវដៃគូររបស់យើង ផ្ដល់ឲ្យយើងនូវអត្រាការប្រាក់សប្បទាន បន្ដទៀត»៕